(ស៉ីដនី)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Antony Albanese បាននិយាយនៅថ្ងៃសៅរ៍នេះថា ដំណើរបំពេញទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសចិននាចុងសប្តាហ៍នេះ ដើម្បីជួបប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងនាយករដ្ឋមន្រ្តីចិន លោក លី ឈាង គឺគូសរំលេច​នូវការបោះជំហានដ៏វិជ្ជមានបំផុតមួយ នៅក្នុងកិច្ចប្រឹងប្រែងស្តារស្ថិរភាពឡើងវិញ សម្រាប់ទំនាក់ទំនងទ្វេភាគី ដែលបានធ្លាក់ដុនដាប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Albanese ត្រូវធ្វើដំណើរទៅដល់ប្រទេសចិន នៅថ្ងៃសៅរ៍នេះ។ វានឹងនាំឱ្យលោកក្លាយជាមេដឹកនាំអូស្រ្តាលីដំបូងគេ ដែលបាន​ទៅបំពេញទស្សនកិច្ចនៅចិន គិតចាប់តាំងពីឆ្នាំ២០១៦មក។ ការបំពេញទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អូស្រ្តាលី ដើម្បីប៉ះប៉ូវទំនាក់ទំនងទ្វេភាគីឡើងវិញ បន្ទាប់ពីវាបានធ្លាក់ចុះដុនដាបខ្លាំង ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ ជុំវិញបញ្ហាជាច្រើនរាប់តាំងពី​ក្រុមហ៊ុន Huawei, ចារកម្ម រហូតដល់កូវីដ១៩។

ថ្លែងនៅទីក្រុង Darwin នៃប្រទេសអូស្រ្តាលី លោក Albanese បានលើកឡើងយ៉ាងដូច្នេះថា «ការដែលវាជាទស្សនកិច្ចលើកទី១ ក្នុងរយៈពេលប្រមាណ៧ឆ្នាំ ទៅកាន់ដៃគូពាណិជ្ជកម្មដ៏ធំរបស់យើង គឺជាការបោះជំហានយ៉ាងវិជ្ជមានបំផុតមួយ ហើយខ្ញុំរំពឹងថានឹងមាន​កិច្ចពិភាក្សានិងសន្ទនាគ្នាប្រកបដោយភាពស្ថាបនា ជាមួយប្រធានាធិបតី ស៉ី និងនាយករដ្ឋមន្រ្តី លី អំលុងដំណើរទស្សនកិច្ចរបស់ខ្ញុំ»

គួរបញ្ជាក់ថា តាំងពីរដ្ឋាភិបាលលោក Albanese បានឡើងកាន់អំណាចកាលពីឆ្នាំ២០២២មក ចំណងទាក់ទងជាមួយចិន បានចាប់ផ្តើម​វិលមករកស្ថិរភាពឡើងវិញ។ ចិនបានសម្រេចដកបម្រាមពាណិជ្ជកម្មភាគច្រើនចេញវិញ ដែលត្រូវបានដាក់អំលុងជម្លោះការទូត ដែលបាន​ផ្ទុះឡើងកាលពីឆ្នាំ២០២០ និងបានធ្វើឱ្យអូស្រ្តាលីខាតបង់ទំហំខ្ទង់១៣ពាន់លានដុល្លារ ក្នុងការនាំចេញទំនិញនិងស្បៀងអាហារ។

លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី នឹងត្រូវចូលរួមពិព័រណ៍ផលិតផលនាំចូលលំដាប់កំពូលរបស់ចិន នៅទីក្រុងសៀងហៃ ដែលនឹងត្រូវបើកធ្វើ​ដោយលោក លី នាថ្ងៃអាទិត្យសប្តាហ៍នេះ។ រួចហើយលោក Albanese នឹងជួបលោក ស៉ី នៅរដ្ឋធានីប៉េកាំងនាថ្ងៃចន្ទសប្តាហ៍ក្រោយ៕

រូបភាពពី Reuters