(ប៉េកាំង)៖ ដោយមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងទាំងជាតិនិងអន្តរជាតិ ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូនៃប្រទេសជប៉ុន បានចាប់ដំណើរការនូវការងារបង្ហូរទឹកសំណល់នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ទៅក្នុងសមុទ្រលើកទី ៣ កាលពីថ្ងៃទី ២ ខែវិច្ឆិកា។

ក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូបានអះអាងថា កំហាប់នៃសារធាតុវិទ្យុសកម្មទ្រីទីយ៉ូម (Tritium) ក្នុងទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ដែលត្រូវបានបង្ហូរទៅក្នុងសមុទ្រ គឺ សមស្របនឹងការប៉ាន់ប្រមាណ "។ យ៉ាងណាមិញ កាលពីមួយសប្តាហ៍មុន សហគ្រាសដែលមានកេរ្តិ៍ឈ្មោះអសោចនេះ បានកើតហេតុការណ៍បែកខ្ចាយទឹកវិទ្យុសកមមួយលើក ដែលបណ្តាលឱ្យបុគ្គលិកការងារពីរនាក់ត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យសង្រ្គោះបន្ទាន់ភ្លាម។ ប្រការនេះបានបញ្ជាក់ថា ពាក្យសំដីរបស់ជប៉ុនដែលថា ទឹកវិទ្យុសកម្មនុយក្លេអ៊ែរ "មានសុវត្ថិភាព" គឺដាច់ខាតមិនអាចជឿជាក់បានទេ ហើយហានិភ័យក្នុងដំណើរការចាត់ចែងទឹកសំណល់នុយក្លេអ៊ែរ មិនអនុញ្ញាតឱ្យមើលស្រាលនោះឡើយ។

តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុនឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែតុលា បុគ្គលិកការងារ ៥ នាក់នៃក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូត្រូវបានប៉ះពាល់ នឹងទឹកសំណល់ដែលមានសារធាតុវិទ្យុសកម្ម ខណៈពេលត្រួតពិនិត្យបំពង់បង្ហូរនៃប្រព័ន្ធប្រព្រឹត្តកម្មទឹកបែបទំនើប (ALPS) សម្រប់ធ្វើប្រព្រឹត្តកម្មទឹកវិទ្យុសកម្មនុយក្លេអ៊ែរ ។ ក្នុងចំណោមបុគ្គលិកការងារទាំងពីរនាក់ ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ម្នាក់បានរងការបំពុលពេញខ្លួន ហើយម្នាក់ទៀតរងការបំពុលផ្នែកដៃទាំងគូ និងពាក់កណ្ដាលខ្លួនចុះក្រោម។ ឆ្លងតាមរយៈការបន្សាបសារធាតុពុល ដែលអស់រយៈពេលជាច្រើនម៉ោង បរិមាណវិទ្យុសកម្មនៅលើផ្ទៃរាងកាយរបស់ពួកគេ នៅមិនទាន់បានធ្លាក់ចុះដល់មក្រោមស្តង់ដារសុវត្ថិភាព នៅឡើយទេ។

ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញឱ្យឃើញថា ទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា មានផ្ទុកសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរជាង ៦០ ប្រភេទ ។ ដើម្បីធ្វើឱ្យមានភាពស្របច្បាប់នូវការបង្ហូរទឹកសំណល់ទៅក្នុងសមុទ្រ រដ្ឋាភិបាលជប៉ុននិងក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ បានផ្សព្វផ្សាយយ៉ាងគឃ្លើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះថា សុវត្ថិភាពនៃទឹកវិទ្យុសកម្មនុយក្លេអ៊ែរដែលធ្វើប្រព្រឹត្តកម្មរួច ដោយប្រព័ន្ធប្រព្រឹត្តកម្មទឹកបែបទំនើប (ALPS) គឺ ស្របតាមស្តង់ដារ ។ សូម្បីតែមន្ត្រីជាន់ខ្ពស់ជប៉ុនជាច្រើនរូប បាននិយាយពាក្យកុហកដោយចេតនាថា ទឹកវិទ្យុសកម្មនុយក្លេអ៊ែរ "អាចផឹកបាន"។

ប៉ុន្តែ តើការពិតគឺអ្វី ? យោងតាមទិន្នន័យដែលបានចេញផ្សាយ ដោយប្រទេសជប៉ុនកាលពីខែមីនាឆ្នាំនេះបានបង្ហាញថា ទឹកវិទ្យុសកម្មនុយក្លេអ៊ែរដែលធ្វើប្រព្រឹត្តកម្មរួចតាមរយៈ ប្រព័ន្ធប្រព្រឹត្តកម្មទឹកបែបទំនើប (ALPS) មានចំនួនប្រហែល ៧០ ភាគរយមិនបានឡើងដល់ស្តង់ដារបញ្ចេញ ហើយត្រូវចម្រោះសារជាថ្មីឡើងវិញ។ តាមការផ្សាយដំណឹងឱ្យដឹងថា បន្ទាប់ពីកើតហេតុការណ៍បែកខ្ចាយទឹកវិទ្យុសកម្មលើកនេះ ក្រុមហ៊ុន TEPCO បានត្រួតពិនិត្យចំពោះឧបករណ៍វាស់សារធាតុវិទ្យុសកម្ម ដែលបំពាក់ទៅលើបុគ្គលិកការងារទាំងពីរនាក់ដោយបានបញ្ជាក់ថា បន្ទាប់ពីកើតហេតុការណ៍លើកនេះ កម្រិតអតិបរមាដែលពួកគេត្រូវបានប៉ះពាល់នឹងកាំរស្មី (β) គឺ ៦,៦ (mSv)ដែលខ្ពស់ជាងបន្ទាត់ប្រុងប្រយ័ត្នដែលមានកម្រិតត្រឹម ៥ (mSv)។ នេះក៏បានបង្ហាញឱ្យឃើញពីមួយផ្នែកទៀតថា ទឹកវិទ្យុសកម្មនុយក្លេអ៊ែរនៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា មានសារធាតុវិទ្យុសកម្មច្រើនបង្គួរ ហើយដំណើរការធ្វើប្រព្រឹត្តកម្មនឹងមានហានិភ័យយ៉ាងខ្លាំង។

បន្ទាប់ពីកើតមានហេតុការណ៍បែកខ្ចាយទឹកវិទ្យុសកម្ម មន្ត្រីរបរនេសាទនៃហ្វូគូស៊ីម៉ាបានថ្លែងថា ពួកគេបានបាត់បង់ទំនុកចិត្ត ចំពោះក្រុមហ៊ុន TEPCO។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានឱ្យដឹងថា បន្ទាប់ពីចូលនិវត្តន៍ មន្ត្រីជាន់ខ្ពស់របស់ជប៉ុនជាច្រើនរូប បានក្លាយជាទីប្រឹក្សារបស់ក្រុមហ៊ុន TEPCO ឯឥស្សរជនខាងឧស្សាហកម្មថាមពលនុយក្លេអ៊ែរ ក៏អាចចូលរួមក្នុងក្រុមការងារប្រឹក្សាយោបល់ ស្តីពីគោលនយោបាយរបស់រដ្ឋាភិបាលផងដែរ។ ប្រការទាំងនេះបានសម្រេចថា ស្ថាប័នត្រួតពិនិត្យនិងគ្រប់គ្រងរបស់ជប៉ុនបានបើកភ្នែកម្ខាងបិទភ្នែកម្ខាងចំពោះទង្វើដ៏អាក្រក់ជាច្រើនរបស់ក្រុមហ៊ុន TEPCO។

គិតរហូតដល់បច្ចុប្បន្ននេះ ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ប្រទេសជប៉ុន បានដំណើរការអស់រយៈពេលជាងពីរខែហើយ ។ ហេតុការណ៍ដែលកើតឡើងថ្មីបំផុតបានបង្ហាញថា ចាំបាច់ត្រូវបង្កើតយន្តការតាមដានត្រួតពិនិត្យអន្តរជាតិ ដែលប្រកបដោយប្រសិទ្ធភាពនិងយូរអង្វែង។ ប្រសិនបើប្រទេសជប៉ុនពិតជាមានជំនឿចិត្តលើ "សុវត្ថិភាព" របស់ទឹកសំណល់នុយក្លេអ៊ែរ នោះ ក៏គួរតែចាត់ចែងទឹកសំណល់នុយក្លេអ៊ែរតាមទម្រង់ទំនួលខុសត្រូវ និងគាំទ្រដល់ការបង្កើតយន្តការត្រួតពិនិត្យយូរអង្វែង ដែលមានបណ្តាភាគីនានាដែលត្រូវរងផលប៉ះពាល់ ចូលរួមយ៉ាងពេញលេញ៕