(ម៉ានីល)៖ ទីប្រឹក្សាសន្តិសុខជាតិនៃប្រទេសហ្វីលីពីន នាថ្ងៃសៅរ៍នេះ បានចេញមុខទាត់ចោលពាក្យចចាមអារ៉ាមស្តីពីផែនការបង្កអស្ថិរភាព ប្រឆាំង​រដ្ឋាភិបាលប្រធានាធិបតីលោក Ferdinand Marcos Jr ដោយនិយាយថា កងកម្លាំងយោធាព្រមទាំងវិស័យសន្តិសុខទាំងមូល នៅតែ​ស្មោះស្ម័គ្រចំពោះប្រធានាធិបតីជានិច្ច ដែលមានតួនាទីជាអគ្គមេបញ្ជាការកំពូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo Año បាននិយាយដូច្នេះថា «ពិតណាស់ គឺមានការបញ្ចេញទស្សនៈនិងការជជែកគ្នា ក្នុងចំណោមមន្រ្តីយោធាចូលនិវត្តន៍ ឬអតីតមន្រ្តីយោធា ហើយក៏រួមមានទាំងការរិះគន់ខ្លះៗផងដែរ ប្រឆាំងគោលនយោបាយមួយចំនួនរបស់រដ្ឋបាលបច្ចុប្បន្ន ប៉ុន្តែពួកវាស្ថិតក្នុងព្រំដែននៃលំហប្រជាធិបតេយ្យរបស់យើង។ មិនមានគម្រោង ឬក៏ចលនាប៉ុនប៉ងបង្កអស្ថិរភាព​ណាមួយឡើយ ប្រឆាំងនឹងរដ្ឋាភិបាល»។ លោក Año បានបន្តថា វិស័យសន្តិសុខ-ការពារជាតិហ្វីលីពីន ត្រូវតែបន្តមានការប្រុងប្រយ័ត្នខ្ពស់និង​ត្រៀមលក្ខណៈជានិច្ច ដើម្បីចាត់វិធានការភ្លាមៗប្រឆាំងនឹងក្រុមគំនិតអាក្រក់នានា ដែលមានបំណងបំផ្លិចបំផ្លាញសន្តិសុខជាតិ។

ការលើកឡើងដូចខាងលើរបស់លោក Año ធ្វើឡើងបន្ទាប់ពីប្រមុខយោធាហ្វីលីពីន លោក Romeo Brawner ត្រូវបានប្រព័ន្ធផ្សព្វផ្សាយដកស្រង់សម្តី ថ្លែងប្រាប់ទៅកាន់កងទ័ពកាលពីថ្ងៃសុក្រសប្តាហ៍នេះថា រូបលោកបានឮការនិយាយគ្នាអំពី «កិច្ចប្រឹងប្រែងបង្កអស្ថិរភាព» ដោយមានក្រុមមន្រ្តីយោធាមួយចំនួន យល់ឃើញថា លោក Marcos គួរតែត្រូវជំនួសតំណែងដោយសារហេតុផលជាច្រើន ហើយគួរតែមានការធ្វើរដ្ឋប្រហារ។ បើតាមលោក Año លោក Brawner ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ​ដកស្រង់សម្តី ឬយល់អត្ថន័យខុស។

គួរបញ្ជាក់ថា លោក Ferdinand Marcos Jr ដែលមានឈ្មោះដូចគ្នា និងជាកូនប្រុសអតីតមេដឹកនាំផ្តាច់ការហ្វីលីពីន ដែលត្រូវបាន​ផ្តួលរំលំពីអំណាច អំលុងបដិវត្តន៍អំណាចប្រជាជនឆ្នាំ១៩៨៦ បានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០២២។ ប្រទេសអាស៊ានមួយនេះ ធ្លាប់ជួបប្រទះការប៉ុនប៉ងធ្វើរដ្ឋប្រហារយ៉ាងហោចជាង១០លើក គិតចាប់តាំងពីការផ្តួលរំលំឪពុកលោក Marcos គឺលោក Ferdinand Marcos Sr កាលពីឆ្នាំ១៩៨៦៕

រូបភាពពី AFP