(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាបន្តការវាយលុកឥតឈប់ឈរនៅតំបន់ Gaza Strip ដោយបដិសេធសូម្បីតែការផ្អាកប្រយុទ្ធគ្នាជាបណ្តោះអាសន្ន រហូតទាល់តែក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដោះលែងមកវីញនូវចំណាប់ខ្មាំងជាង២០០នាក់ ដែលពួកគេបានចាប់យកទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Netanyahu បានព្រមានថា នឹងមិនមានបទឈប់បាញ់បណ្តោះអាសន្នណាមួយឡើយនៅ Gaza រហូតទាល់តែក្រុមហាម៉ាសដោះលែ ង​ចំណាប់ខ្មាំងដែលមានទាំងជនជាតិអ៉ីស្រាអែល និងជនបរទេសសរុបប្រហែល២៤១នាក់ ដែលពួកគេបានចាប់យកទៅ កាលពីអលុងការវាយប្រហារថ្ងៃទី៧ ខែតុលា លើអ៉ីស្រាអែល។ ការបដិសេធរបស់លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល ចំពោះការផ្អាកប្រយុទ្ធគ្នានេះកើតមានឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ទើបតែបានបំពេញទស្សនកិច្ចជាថ្មីម្តងទៀត មកកាន់អ៉ីស្រាអែលកាលពី​ថ្ងៃសុក្រសប្តាហ៍នេះ។

លោក Blinken បានស្នើឱ្យអ៉ីស្រាអែលយល់ព្រមចំពោះបទឈប់បាញ់បណ្តោះអាសន្ន ប៉ុន្តែលោកប្រមុខការទូតអាមេរិក បានចាកចេញ​ប្រទេសអ៉ីស្រាអែលវិញហាក់ដោយបាតដៃទទេទាំងស្រុង បើទោះបីបានអំពាវនាវឱ្យអ៉ីស្រាអែល ព្យាយាមធ្វើយ៉ាងណាការពារអាយុជីវិត​ប្រជាជនស៉ីវិលប៉ាឡេស្ទីន នៅឯតំបន់ Gaza ក្នុងសង្រ្គាមដែលមានគោលដៅកម្ទេចក្រុមហាម៉ាសក៏ដោយ។ កន្លងម កអ៉ីស្រាអែលនិង​សហរដ្ឋអាមេរិក ធ្លាប់បានច្រានចោលដូចគ្នា ចំពោះបទឈប់បាញ់ទាំងស្រុងនៅ Gaza ក្រោមហេតុផលថា វានឹងផ្តល់ឱកាសឱ្យហាម៉ាស​អាចប្រមូលផ្តុំកម្លាំងនិងផ្គត់ផ្គង់សម្ភារឡើងវិញ ប៉ុន្តែក្រោយមកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញសំឡេងគាំទ្រឱ្យមាន​ការផ្អាកប្រយុទ្ធគ្នាជាលក្ខណៈបណ្តោះអាសន្ន និងតាមកន្លែងនៅក្នុងដែនដីប៉ាឡេស្ទីននេះ។

គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះ លោក Blinken នឹងបើកកិច្ចពិភាក្សានៅប្រទេសជាប់អ៉ីស្រាអែល គឺហ៊្សកដានីជាមួយរដ្ឋមន្រ្តីការបរទេស ​មកពីប្រទេសអារ៉ាប់សរុបចំនួន៥ ដែលបានបង្ហាញក្តីកខ្វល់និងការខឹងសម្បារកាន់តែខ្លាំង ជុំវិញចំនួនជនស៉ីវិលបាត់បង់ជីវិតដ៏ច្រើនសម្បើម ដោយសារ​ជម្លោះដែលឥឡូវឈានដល់សប្តាហ៍ទី៥ហើយនោះ៕

រូបភាពពី AFP