(ម៉ានីល)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ជប៉ុននិងហ្វីលីពីនបាននិយាយថា ពួកគេនឹងចាប់ផ្តើមការចរចាស្តីពីកិច្ចព្រមព្រៀងការពារជាតិមួយ ដែលនឹងអនុញ្ញាតឱ្យប្រទេសទាំង២ អាចដាក់ពង្រាយកងទ័ពទៅវិញទៅមកបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជប៉ុននិងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាសខាងលើ ក្រោយកិច្ចជួបពិភាក្សាគ្នា រវាងនាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida និង​ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr នៅឯទីក្រុងម៉ានីល។ លោក Marcos និង លោក Kishida បានបន្ថែមថា ជប៉ុនក៏នឹងផ្តល់ឱ្យហ្វីលីពីន នូវប្រព័ន្ធរ៉ាដាឃ្លាំមើលឆ្នេរសមុទ្រផងដែរ ដែលជាផ្នែកនៃកញ្ចប់ជំនួយសន្តិសុខទំហំ ៦០០លានយេន ឬស្មើនឹង​៤លានដុល្លារអាមេរិក។ លោក Kishida គឺជានាយករដ្ឋមន្រ្តីជប៉ុនទីមួយ ដែលបានបំពេញទស្សនកិច្ចមកកាន់ហ្វីលីពីន គិតចាប់តាំងពីឆ្នាំ២០១៧។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើនឹងបង្កើតមូលដ្ឋានផ្លូវច្បាប់ សម្រាប់ឱ្យប្រទេសជាភាគីម្ខាង អាចដាក់ពង្រាយកងទ័ពទៅកាន់ប្រទេស​ជាភាគីម្ខាងទៀតបាន ដើម្បីចូលរួមធ្វើការហ្វឹកហាត់រួមគ្នា ឬមួយក៏ធ្វើប្រតិបត្តិការផ្សេងៗទៀត។ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ជប៉ុន​ក៏បានចុះកិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយចក្រភពអង់គ្លេស និងអូស្រ្តាលីផងដែរ ខណៈកងទ័ពអាមេរិកនៅក្រៅប្រទេស ប្រមូលផ្តុំច្រើនបំផុតនៅក្នុងប្រទេសជប៉ុន។

ចំណែកឯហ្វីលីពីនវិញ ក៏មានកិច្ចព្រមព្រៀងដាក់ពង្រាយកងទ័ពស្រដៀងគ្នាដែរ ជាមួយអាមេរិកហៅថា Visiting Forces Agreement ដែលផ្តល់ក្របខណ្ឌផ្លូវច្បាប់ឱ្យទីក្រុងវ៉ាស៉ីនតោន អាចរក្សាវត្តមានយោធាជាប់ជាប្រចាំ ប៉ុន្តែជាលក្ខណៈផ្លាស់វេន នៅក្នុងប្រទេសហ្វីលីពីន ដែលជាចម្បងគឺសម្រាប់គោលបំណងធ្វើសមយុទ្ធរួមគ្នា៕

រូបភាពពី Reuters