(ព្រុចសែល)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធនេះ បានបំពេញទស្សនកិច្ចទៅកាន់ ទីស្នាក់ការកណ្តាលរបស់អង្គការណាតូ (NATO) នៅឯទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក ក្រោមគោលដៅស្វែងរកជំនួយប្រព័ន្ធការពារដែនអាកាស កាំភ្លើងធំ និងគ្រាប់រំសេវបន្ថែមទៀត ដើម្បីជួយប្រទេសរបស់លោក ឆ្លងកាត់រដូវរងាលើកទី២ អំលុងពេលសង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣។

អំលុងទស្សនកិច្ចដំបូងបំផុតទៅកាន់ ទីស្នាក់ការរបស់ NATO គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២ លោក ហ្សេលេនស្គី បាននិយាយថា ខែរងាប៉ុន្មានខែខាងមុខនេះ នឹងជាបញ្ហាប្រឈមដ៏ធំបំផុតរបស់អ៊ុយក្រែន។ ថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មាន មុនពេលត្រូវជួបពិភាក្សាជាមួយ ក្រុមរដ្ឋមន្រ្តីការពារជាតិ មកពីអង្គការ NATO ក៏ដូចជាមកពីប្រទេសប្រហែល២០ផ្សេងទៀត ដែលផ្តល់ជំនួយយោធាឱ្យអ៊ុយក្រែន នៅក្នុងក្រុមហៅថា Ukraine Defense Contract Group ដែលដឹកនាំដោយអាមេរិក លោក​ប្រធានាធិបតីអ៊ុយក្រែន បាននិយាយដូច្នេះថា «ពួកយើងកំពុងត្រៀមខ្លួនរួចរាល់ហើយ។ ឥឡូវនេះ យើងត្រូវការការគាំទ្រពីថ្នាក់ដឹកនាំអន្តរជាតិ»

នៅឈរជាមួយលោក ហ្សេលេនស្គី អគ្គលេខាធិការ NATO លោក Jens Stoltenberg បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កំពុងត្រៀមលក្ខណៈសាជាថ្មី ក្នុងការប្រើប្រាស់រដូវរងាជាអាវុធសម្រាប់សង្រ្គាមរបស់ខ្លួន តាមរយៈការវាយប្រហារមកលើ ​ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅអ៊ុយក្រែន។ លោក Stoltenberg បានបន្តដូច្នេះថា «យើងត្រូវតែជួយទប់ស្កាត់រឿងនេះ ជាមួយការផ្តល់​ប្រព័ន្ធការពារដែនអាកាស ដែលកាន់តែទំនើបនិងមានសមត្ថភាព»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយយោធាសរុប ៤៤ពាន់លានដុល្លារឱ្យទីក្រុងកៀវ តាមរយៈការផ្គត់ផ្គង់រថក្រោះរាប់សិបគ្រឿង រ៉ុក្កែតរាប់ពាន់គ្រាប់ និងគ្រាប់រំសេវរាប់លានគ្រាប់ គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី ប៉ុន្តែកម្រិតនៃការគាំទ្រហាក់កំពុងថមថយទៅវិញ ដែលសម្តែងឱ្យឃើញ តាមរយៈជម្លោះផ្ទៃក្នុងនៅសភាអាមេរិក កាលពីពេលថ្មីៗនេះ ដែលបានធ្វើឱ្យជំនួយអ៊ុយក្រែនជាប់គាំង។ យ៉ាងណាក្តី ទីក្រុងវ៉ាស៉ីនតោនត្រូវគេរំពឹងថា នឹងព្យាយាមបន្សាបក្តីបារម្ភរបស់សម្ព័ន្ធមិត្ត NATO និងអ៊ុយក្រែនផ្ទាល់ ដោយធានាអះអាងថា អាមេរិកនឹងនៅតែបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន ចំពោះមុខសង្រ្គាមអូសបន្លាយជាមួយរុស្ស៉ី៕

រូបភាពពី Reuters