(ហ្សាការតា)៖ នៅសប្តាហ៍ក្រោយនេះ តុលាការធម្មនុញ្ញនៃប្រទេសឥណ្ឌូណេស៉ី នឹងផ្តល់ការសម្រេចទៅលើសំណើ ដែលមានគោលដៅចង់ ឱ្យបន្ថយអាយុអប្បបរមា សម្រាប់បេក្ខជនប្រធានាធិបតីនិងអនុប្រធានាធិបតី ដែលឈរឈ្មោះក្នុងការបោះឆ្នោត ខណៈវាអាចនឹងត្រួសត្រាយផ្លូវ ដើម្បីឱ្យកូនប្រុសច្បងរបស់ប្រធានាធិបតីឥណ្ឌូណេស៉ីបច្ចុប្បន្ន ឈរឈ្មោះនៅឆ្នាំ២០២៤បាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យរបស់តុលាការធម្មនុញ្ញឥណ្ឌូណេស៉ី បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា តុលាការនឹងប្រកាសពីការសម្រេចចិត្តរបស់ខ្លួន នៅថ្ងៃទី១៦ ខែតុលា។ ប្រទេសប្រជាធិបតេយ្យធំជាងគេទី៣ លើពិភពលោកមួយនេះ នឹងធ្វើការរៀបចំបោះឆ្នោតសភានិងប្រធានាធិបតី ក្នុងពេលដំណាលគ្នា នៅខែកុម្ភៈ ឆ្នាំ២០២៤។

លោក Gibran Rakabuming Raka ដែលជាកូនប្រុសច្បងរបស់ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Joko Widodo និងជាអភិបាល​នៃទីក្រុង Surakarta មិនទាន់បានប្រកាសពីចេតនារបស់លោក ក្នុងការឈរឈ្មោះបោះឆ្នោតនៅឡើយទេ។ ប៉ុន្តែក្រុមអ្នកនយោបាយ ដែលគាំទ្រយុទ្ធនាការរបស់បេក្ខជនប្រធានាធិបតី កំពុងមានប្រជាប្រិយភាពជាងគេ គឺលោក Prabowo Subianto បាននាំគ្នាអំពាវនាវឱ្យលោក Gibran ឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតី របស់លោក Prabowo។

បច្ចុប្បន្ន អាយុទាបបំផុតសម្រាប់បេក្ខជនប្រធានាធិបតីនិងអនុប្រធានាធិបតី នៅប្រទេសឥណ្ឌូណេស៉ី គឺ៤០ឆ្នាំ។ តុលាការធម្មនុញ្ញឥណ្ឌូណេស៉ី ទទួលបានសំណើចំនួន៧ ដែលអំំពាវនាវឱ្យបន្ថយអាយុកំណត់នោះ មកនៅត្រឹម៣៥ឆ្នាំវិញ។ លោក Gibran មានអាយុ៣៦ឆ្នាំ។ បេក្ខជននានាត្រូវគេរំពឹងថា នឹងធ្វើការចុះឈ្មោះជាផ្លូវការ ជាមួយគណៈកម្មការបោះឆ្នោតឥណ្ឌូណេស៉ី ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា។

គួរបញ្ជាក់ថា យោងតាមលទ្ធផលស្ទង់មតិថ្មីៗចុងក្រោយគេ លោក Prabowo ហើយនិងអតីតចៅហ្វាយខេត្តជ្វាកណ្តាល លោក Ganjar Pranowo គឺជាបេក្ខជនដែលកំពុងមានប្រជាប្រិយភាពនាំមុខ ក្នុងសំឡេងយ៉ាងក្រកៀកប្រកិតគ្នា ខណៈអតីតចៅហ្វាយក្រុងហ្សាការតា លោក Anies Baswedan នៅតាមពីក្រោយ៕

">

រូបភាពពី Reuters