(យូអិន)៖ ប្រេសិតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារនេះ បានចាត់ទុកការវាយប្រហារតាមផ្លូវអាកាស ព្រមទាំង​ការបាញ់ផ្លោងឥតឈប់ឈរ របស់អ៉ីស្រាអែល ទៅលើតំបន់ Gaza Strip បូករួមជាមួយការប្រកាសបិទខ្ទប់ទាំងស្រុងលើដែនដីប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុម Hamas មួយនេះ ថាគ្មានខុសអ្វីពីការធ្វើយុទ្ធនាការប្រល័យពូជសាសន៍នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣។

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ក្រុមហាម៉ាសប៉ាឡេស្ទីន បានបើកការឆ្មក់វាយប្រហារដ៏ប្រល័យជាទីបំផុតរបស់ខ្លួន នៅក្នុងប្រវត្តិសាស្រ្តនៃ​ប្រទេសអ៉ីស្រាអែល នៅពេលពួកខ្មាន់កាំភ្លើងរបស់ Hamas បានចូលលុកលុយពាសពេញក្រុងរបស់អ៉ីស្រាអែល ដែលនៅក្បែរព្រំប្រទល់ Gaza និងផ្តាច់ជីវិតមនុស្សច្រើនជាង១,០០០នាក់ ហើយចាប់ចំណាប់ខ្មាំងខ្ទង់រយនាក់ យកទៅតំបន់របស់ខ្លួន។ មិនមែនតែជនជាតិអ៉ីស្រាអែលប៉ុណ្ណោះទេ ដែលបានរងគ្រោះក្នុងសកម្មភាពវាយប្រហារនោះ គឺរួមមានជនបរទេសជាច្រើនផងដែរ។

ជាការឆ្លើយតប អ៉ីស្រាអែលបានបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងទ្រង់ទ្រាយធំសម្បើម ទៅលើតំបន់ Gaza វិញ ដែលគិតមកទល់ពេលនេះ បានបណ្តាលឱ្យមនុស្សជាង ៩០០នាក់ស្លាប់។ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានបង្កឱ្យមានការរិះគន់​ពីសហគមន៍អន្តរជាតិ តាមរយៈការប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះ អំពីវិធានការបិទខ្ទប់ទាំងស្រុង ដើម្បីបញ្ឈប់ការផ្គត់ផ្គង់សំខាន់ៗ ដូចជាអគ្គិសនី ស្បៀងអាហារ ទឹក និងឥន្ធនៈ ចូលទៅ Gaza ដែលជាកន្លែងជ្រកកោនរបស់ប្រជាជនប៉ាឡេស្ទីន២.៣លាននាក់។ មិនតែ​ប៉ុណ្ណោះ យោធាអ៉ីស្រាអែលក៏ហាក់កំពុងត្រៀមខ្លួន ដើម្បីបើកប្រតិបត្តិការវាយលុកតាមជើងគោកតែម្តង ចូលទៅតំបន់ Gaza Strip ផងដែរ។

ក្នុងលិខិតផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN ប្រេសិតប៉ាឡេស្ទីនប្រចាំ UN លោក Riyad Mansour បានលើកឡើងយ៉ាងដូច្នេះថា «ការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែក ដើម្បីព្យាយាមបង្ខំឱ្យមនុស្សចុះញ៉មនឹងខ្លួន, ការប្រើ​ប្រាស់មធ្យោបាយបង្អត់ស្បៀងអាហារ ទឺក និងរបស់ចាំបាច់ផ្សេងៗ ធ្វើជាវិធីសាស្រ្តសឹកសង្រ្គាម ហើយនិងការប៉ុនប៉ងលុបបំបាត់អត្ថិភាពជាតិរបស់ពួកគេ គឺគ្មានខុសអ្វីពីទង្វើប្រល័យពូជសាសន៍ឡើយ។ សកម្មភាពទាំងនេះ គឺស្មើទៅនឹងឧក្រិដ្ឋកម្មសង្រ្គាម»។

ដោយឡែក កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំនៅ UN លោក Gilad Erdan បានចោទប្រកាន់ក្រុម Hamas ថា បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងថាវាដល់ពេលហើយ ដែលត្រូវកម្ទេចក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ ស្របពេលក្រុមប្រឹក្សាសន្តិសុខ UN បានបើកកិច្ចប្រជុំបន្ទាន់មួយ នាពេលនោះ ជុំវិញវិបត្តិជម្លោះរវាងអ៉ីស្រាអែលនិងតំបន់ Gaza។ កាលពី​ថ្ងៃចន្ទ អគ្គលេខាធិការ UN លោក Antonio Guterres បានចេញសេចក្តីថ្លែងការណ៍ សម្តែងការព្រួយបារម្ភជាខ្លាំង ក្រោយសេចក្តីប្រកាស​បិទខ្ទប់តំបន់ Gaza ទាំងស្រុងរបស់អ៉ីស្រាអែល៕

រូបភាពពី Reuters