(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានប្រកាសនៅថ្ងៃពុធនេះថា ប្រទេសចិនបានដោះលែងអ្នកកាសែតអូស្រ្តាលី គឺលោកស្រី Cheng Lei វិញហើយ ក្រោយការជាប់ឃុំឃាំងអស់រយៈពេលជាង៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣។

លោក Albanese បានបន្ថែមថា លោកស្រី Cheng Lei បានជួបជុំគ្នាជាមួយកូនៗ២នាក់របស់ខ្លួន នៅឯទីក្រុង Melbourne នៃប្រទេសអូស្រ្តាលី។ លោកស្រី Cheng ដែលជាអតីតពិធីការនីទូរទស្សន៍ បម្រើការឱ្យប្រព័ន្ធផ្សព្វផ្សាយចិន CGTN បានជាប់ឃុំឃាំងចាប់តាំងតែ​ពីខែសីហា ឆ្នាំ២០២០ រហូតមក ហើយត្រូវបានអាជ្ញាធរចិន ចោទប្រកាន់ពីបទលួចផ្តល់កិច្ចការសម្ងាត់រដ្ឋ ចេញទៅក្រៅប្រទេស។ ទោះជាបែបនេះក្តី សំណុំរឿងលោកស្រី ត្រូវបានអ្នកវិភាគមើលឃើញថា មានការជំរុញដោយហេតុផលនយោបាយ។

ដោយមានទីកំណើតនៅខេត្ត Hunan ប្រទេសចិន លោកស្រី Cheng សព្វថ្ងៃ គឺជាជនជាតិអូស្រ្តាលី ដែលបានធ្វើចំណាកស្រុកមកកាន់ប្រទេសអូស្រ្តាលី កាលពីក្មេងវ័យ។ លោកស្រីបានត្រឡប់ទៅកាន់ប្រទេសចិន ហើយចូលធ្វើការនៅ CGTN កាលពីឆ្នាំ២០១២។ ប្រទេសចិនពុំអនុញ្ញាត​ឱ្យពលរដ្ឋអាចមានសញ្ជាតិ២ឡើយ។

គួរបញ្ជាក់ថា ទំនាក់ទំនងអូស្រ្តាលី-ចិន បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង បន្ទាប់ពីទីក្រុងកង់បេរ៉ា បានហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ហើយចាត់វិធានការប្រឆាំងយុទ្ធនាការពង្រីកឥទ្ធិពលរបស់ចិន នៅក្នុងប្រទេសអូស្រ្តាលី។ ទីក្រុងប៉េកាំង ក៏ខឹងសម្បារខ្លាំងជាមួយ​អូស្រ្តាលីផងដែរ ដែលបានអំពាវនាវឱ្យមានការស៉ើបអង្កេតរកប្រភពដើម នៃជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩ ដែលបានសម្លាប់មនុស្សរាប់លាននាក់ និងរុញច្រានសេដ្ឋកិច្ចពិភពលោក ឱ្យធ្លាក់ក្នុងវិបត្តិអស់ប៉ុន្មានឆ្នាំ ជាកាសងសឹក ចិនបានដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹង ផលិតផលផ្សេងៗ​របស់អូស្រ្តាលី ប៉ុន្តែចំណាត់ការទណ្ឌកម្មនេះ គឺបាននិងកំពុងត្រូវបន្ធូរបន្ថយវិញហើយ ស្របពេលដែលទំនាក់ទំនងទ្វេភាគី ហាក់ចាប់ផ្តើមទទួលបានភាពប្រសើរឡើង៕

រូបភាពពី Reuters