(បាងកក)៖ យោធានៃប្រទេសបារាំង បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា បារាំងបានចាប់ផ្តើមហើយ នូវការដកកងទ័ពរបស់ខ្លួនចេញពី​ប្រទេសនីហ្សេ បន្ទាប់ពីត្រូវបានទាមទារឱ្យចាកចេញពីប្រទេសនៃតំបន់អាហ្រ្វិកខាងលិចមួយនេះ ដោយក្រុមមេដឹកនាំនៃរដ្ឋប្រហារយោធា កាលពីខែកក្កដា ដែលបានផ្តួលរំលំអតីតប្រធានាធិបតីនីហ្សេ ដែលមាននិន្នាការគាំទ្រទីក្រុងប៉ារីស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យយោធាបារាំងបាននិយាយថា កងទ័ពក្រុមដំបូងបានចាកចេញហើយ ខណៈវាគឺជាការទទួលស្គាល់សេចក្តីប្រកាសកាលពីថ្ងៃចន្ទ​សប្តាហ៍នេះ ធ្វើឡើងដោយយោធានីហ្សេ ដែលបាននិយាយថា កងទ័ពបារាំងដែលមានចំនួនសរុប១,៤០០នាក់ នឹងចាប់ផ្តើមចាកចេញពី​ប្រទេសនីហ្សេនៅថ្ងៃអង្គារ ក្រោមការជូនដំណើររបស់កងកម្លាំងយោធានីហ្សេ។ វាគឺជាលើកទី៤ហើយ ក្នុងរយៈពេលមិនដល់២ឆ្នាំ ដែលកងទ័ពបារាំងបានរងភាពអាម៉ាស់ នៃការបង្ខំឱ្យចាកចេញពីអតីតដែនដីអាណានិគមរបស់ខ្លួន នៅទ្វីបអាហ្រ្វិក គឺបន្ទាប់ពីម៉ាលី សាធារណរដ្ឋអាហ្រ្វិកកណ្តាល និងបួគីណាហ្វាសូ។

គួរបញ្ជាក់ថា ពីដំបូងឡើយប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្យាយាមចង់ជម្នះការទាមទាររបស់ក្រុមដឹកនាំ​រដ្ឋប្រហារយោធានីហ្សេ ដែលចង់ឱ្យដកកងទ័ពបារាំងព្រមទាំងឯកអគ្គរដ្ឋទូតបារាំងប្រចាំទីក្រុងនីញ៉ាម៉េ ក្រោមការលើកហេតុផលថា មាន​តែអតីតប្រធានាធិបតី លោក Bazoum ដែលត្រូវបានទម្លាក់ពីអំណាចប៉ុណ្ណោះ ដែលមានសិទ្ធិស្នើយ៉ាងដូច្នោះ។ យ៉ាងណាមិញ កាលពី​ខែកញ្ញា លោក Macron ក៏បានប្រកាសថា ទាំងឯកអគ្គរដ្ឋទូត រួមជាមួយកងទ័ពបារាំងទាំងអស់ នឹងត្រឡប់មកប្រទេសបារាំងវិញ ក្រោយមានការធ្វើបាតុកម្មប្រឆាំងបារាំង អស់រយៈពេលជាច្រើនខែនៅនីហ្សេ។ ឯកអគ្គរដ្ឋទូតបារាំង លោក ស៉ីលវ៉ាន់ អ៉ីតេ (Sylvian Itte) បានត្រឡប់មក​ដល់ទីក្រុងប៉ារីសវិញ កាលពីថ្ងៃទី២៧ ខែកញ្ញា៕

">

រូបភាពពី AFP