(ព្រុចសែល)៖ ប្រេសិតអាមេរិកប្រចាំអង្គការណាតូ (NATO) បាននិយាយថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនការគាំទ្រ​ផ្នែកយោធាសម្រាប់អ៉ីស្រាអែល ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន នឹងមិនប៉ះពាល់ដល់សមត្ថភាពរបស់ទីក្រុងវ៉ាស៉ីនតោន ក្នុងការជួយបំពាក់សព្វាវុធឱ្យអ៊ុយក្រែនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣។

អគ្គរដ្ឋទូតអាមេរិកប្រចាំ NATO លោកស្រី Julianne Smith បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ស្តីពីសំណួរថា តើការគាំទ្ររបស់​អាមេរិកសម្រាប់អ៉ីស្រាអែល អាចនឹងជះផលប៉ះពាល់អវិជ្ជមានដល់ ការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន សម្រាប់អ៊ុយក្រែនដែរឬយ៉ាងណានោះ គឺយើងមិនរំពឹងថានឹងជួបបញ្ហាប្រឈមធំណាមួយឡើយ។ ខ្ញុំជឿជាក់ថា ក្នុងពេលទន្ទឹមគ្នា សហរដ្ឋអាមេរិកនឹងអាចផ្តោតសំខាន់ ទាំងទៅលើ​ភាពជាដៃគូក៏ដូចជាការប្តេជ្ញាចំពោះសន្តិសុខរបស់អ៉ីស្រាអែល ព្រមទាំងទៅលើការប្តេជ្ញា និងការសន្យាបន្តផ្តល់ការគាំទ្រដល់អ៊ុយក្រែន»

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ជាឱ្យចល័តនាវានិងយន្តហោះចម្បាំងអាមេរិក ទៅតំបន់ក្បែរអ៉ីស្រាអែលដើម្បីបង្ហាញការគាំទ្រ ហើយព្រមពេលជាមួយគ្នា ក៏បានបញ្ជូនជំនួយយោធាថ្មីផងដែរ។ វិបត្តិនៅអ៉ីស្រាអែល​កើតមានចំពេលដែល សេតវិមានកំពុងព្យាយាមស្វែងរកមធ្យោបាយ ដើម្បីរក្សាលំហូរនៃការជួយផ្គត់ផ្គង់សព្វាវុធទៅអ៊ុយក្រែន ក្រោយភាពចម្រូងចម្រាសពាក់ព័ន្ធការអនុម័តកញ្ចប់ថវិកានៅសភាអាមេរិក។

យោងតាមការអះអាងរបស់ក្រុមអ្នកការទូតលោកខាងលិច នៅអង្គការ NATO គឺពុំមានហា​និភ័យដែលថា ការផ្គត់ផ្គង់សព្វាវុធសម្រាប់​អ៊ុយក្រែន នឹងត្រូវរីងស្ងួត ក្នុងពេលអនាគតដ៏ខ្លីខាងមុខឡើយ។ ប៉ុន្តែប្រមុខការទូតសហភាពអឺរ៉ុប (EU) នាពេលថ្មីៗនេះ បានព្រមានថា EU នឹងមិនមានសមត្ថភាពដើរតួនាទីជំនួសសហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយយោធាឱ្យទីក្រុងកៀវនោះទេ៕

">

រូបភាពពី Reuters