(ហ្ស៊េរុយសាឡិម)៖ អ្នកនាំពាក្យយោធាអ៉ីស្រាអែល នៅថ្ងៃពុធ ទី១១ ខែតុលានេះបាននិយាយថាចំនួនជនជាតិអ៉ីស្រាអែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន បានកើនដល់ជាង ១,២០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

នៅក្នុងសារជាវីដេអូមួយ វរសេនីយ៍ទោនៃកងកម្លាំងការពារជាតិអ៉ីស្រាអែល លោក Jonathan Conricus បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១,២០០នាក់ ហើយក្នុងនោះភាគច្រើនជាជនស៊ីវិល»

គួរបញ្ជាក់ថា នៅខាងតំបន់ហ្កាហ្សាឯណោះវិញ មានមនុស្សជាង ៩០០នាក់ហើយបានស្លាប់នៅក្នុងការវាយប្រហារសងសឹកពីសំណាក់ អ៉ីស្រាអែល និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស។ ក្រុមហាម៉ាសក៏ត្រូវបានគេរាយការណ៍ដែរថាបានចាប់មនុស្សជាច្រើនជាង ១០០នាក់ ជាចំណាប់ខ្មាំង ក្នុងនោះមានទាំងពលរដ្ឋអាមេរិក៕

ផ្ទះ និងអគារត្រូវបានបំផ្លាញដោយការវាយប្រហារ តាមផ្លូវអាកាសរបស់អ៉ីស្រាអែល លើតំបន់ហ្កាហ្សា កាលពីថ្ងៃទី១០ ខែតុលា៖ Reuters