(ហ្ស៊េរុយសាឡិម)៖ កងទ័ពអ៉ីស្រាអែល បានបាញ់កាំភ្លើងធំ និងកាំភ្លើងត្បាល់តម្រង់ទៅកាន់ប្រទេសស៊ីរី នៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីមានការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតចេញពីភាគខាងជើងនៃប្រទេសស៊ីរី ចូលក្នុងទឹកដីអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយបានបាញ់គ្រាប់រ៉ុក្កែត ៣គ្រាប់ ឆ្ពោះទៅកាន់ប្រទេសអ៉ីស្រាអែល។ ស្ថានការណ៍វិវត្តន៍នេះកំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងថាសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស អាចនឹងផ្ទុះទៅជា សង្រ្គាមទ្រង់ទ្រាយធំមួយក្នុងតំបន់មជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែល និងក្រុមហេសប៊ូលឡា ក្នុងប្រទេសលីបង់ក៏ត្រូវបានគេរាយការណ៍ដែរថាបានបាញ់ផ្លោងដាក់ គ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា បើតាមយោធាអ៉ីស្រាអែល ទាហានរបស់ខ្លួនបានបើកការវាយប្រហារឆ្លើយតបទៅនឹងការវាយប្រហារចេញពីប្រទេសស៊ីរី ប៉ុន្តែមិនបានផ្ដល់ព័ត៌មាន លម្អិតអ្វីនោះទេ ហើយក៏មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយដែរ៕

រូបភាពពី Reuters