(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងវ៉ាស៊ីនតោន) បានថ្កោលទោសចំពោះការវាយប្រហារយោធាមួយលើជំរំជនភៀសខ្លួន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានសម្លាប់ជនស៊ីវិលជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «យើងពិតមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ពី ការវាយប្រហារមួយរបស់យោធាភូមា (មីយ៉ាន់ម៉ា) លើជំរំជនភៀសខ្លួនមួយ ស្ថិតនៅក្បែរភូមិ Mung Lai Hkyet នៃរដ្ឋ Kachin កាលពីថ្ងៃទី៩ ខែតុលា ... យើងថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដែលកំពុងបន្តធ្វើឡើងរបស់របបយោធាដែលបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ ចាប់តាំងពីផ្ទុះរដ្ឋប្រហារ កាលពីខែកុម្ភៈ ឆ្នាំ២០២១មក និងបន្តធ្វើឱ្យស្ថានការណ៍មនុស្សធម៌កាន់តែយ៉ាប់យ៉ឺន»

គួរបញ្ជាក់ថា ការវាយប្រហារយោធាមួយលើជំរំជនភៀសខ្លួនស្ថិតនៅក្បែរភូមិ Mung Lai Hkyet នៃរដ្ឋ Kachin កាលពីថ្ងៃទី៩ ខែតុលា បានសម្លាប់ មនុស្សយ៉ាងហោច ២៩នាក់ ក្នុងនោះរួមមានទាំងស្រ្តី និងកុមារ។ បើតាមក្រុមឧទ្ទាមប្រដាប់អាវុធ ការវាយប្រហារខាងលើធ្វើឡើងដោយយោធាមីយ៉ាន់ម៉ា ដោយប្រើកាំភ្លើងធំ។ ប៉ុន្តែខាងអ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា បាននិយាយថាយោធាមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះនោះទេ៕

រូបភាពពី Reuters