(ព្រុចសែល)៖ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) លោក Josep Borrell ​នៅថ្ងៃអង្គារសប្ដាហ៍នេះបានចោទប្រកាន់រដ្ឋាភិបាលអ៉ីស្រាអែលថាកំពុង បំពានច្បាប់អន្តរជាតិ តាមរយៈការបិទខ្ទប់ទាំងស្រុកលើតំបន់ហ្កាហ្សា (Gaza) នៅក្នុងការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣។

នៅក្រោយកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាពីផលប៉ះពាល់នៃសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស លោក Borrell ក៏បានសង្កត់ធ្ងន់ផងដែរថាភាគច្រើនលើសលប់ នៃរដ្ឋមន្ត្រីការបរទេស EU បានបង្ហាញការគាំទ្រដល់ការបន្តផ្ដល់ជំនួយសម្រាប់អាជ្ញាធរប៉ាឡេស្ទីនដែលកំពុងគ្រប់គ្រងតំបន់ West Bank។ លោក Borrell ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ តែមួយថ្ងៃប៉ុណ្ណោះក្រោយស្នងការអឺរ៉ុប លោក អូលីវីយ៉េ វ៉ាហែលយី (Oliver Varhelyi) ដែលជា អ្នកការទូតហុងគ្រីម្នាក់ បាននិយាយថាជំនួយអភិវឌ្ឍរបស់ EU សម្រាប់ប្រជាជនប៉ាឡេស្ទីនត្រូវបានផ្អាកជាបណ្ដោះអាសន្ន។

លោក Borrell ក៏បានលើកឡើងជាថ្មីដែរពីការថ្កោលទោសរបស់ EU ចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស ដែលបានសម្លាប់ជនជាតិអ៉ីស្រាអែលជាង ១,០០០នាក់។ ប៉ុន្តែ ប្រមុខគោលនយោបាយការបរទេស EU រូបនេះបាននិយាយថាការឆ្លើយតបរបស់អ៉ីស្រាអែល ត្រូវតែធ្វើឡើងស្របទៅតាមច្បាប់ មនុស្សធម៌អន្តរជាតិ ហើយថា ការសម្រេចចិត្តបិទខ្ទប់ទាំងស្រុងលើតំបន់ហ្កាហ្សា ជាការបំពានលើច្បាប់អន្តរជាតិ។ ការវាយប្រហារសងសឹករបស់អ៉ីស្រាអែលបានសម្លាប់មនុស្សជាង៩០០នាក់ ក្នុងតំបន់ ហ្កាហ្សា។ «អ៉ីស្រាអែលមានសិទ្ធិដើម្បីការពារខ្លួនឯង ប៉ុន្តែក៏ត្រូវតែអនុលោមតាមច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ ផងដែរ ស្របពេលការសម្រេចចិត្តខ្លះ គឺផ្ទុយទៅនឹង ច្បាប់អន្តរជាតិ»។ នេះជាការបញ្ជាក់របស់លោក Borrell។

គួរបញ្ជាក់ថា លោក Josep Borrell ក៏បានអញ្ជើញរដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល និងប៉ាឡេស្ទីនឱ្យចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូផងដែរ រៀបចំឡើងក្នុង ទីក្រុងមូសកត់ (Muscat) ផងដែរ តែខាងរដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Eli Cohen មិនចង់ចូលរួមក្នុងកិច្ចប្រជុំ៕

ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell៖ Reuters