(វ៉ាស៊ីនតោន)៖ អ៉ីស្រាអែលបានសន្យាថានឹងបង្កើនការវាយប្រហារសងសឹករបស់ខ្លួនប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន ជាមួយការត្រៀមលក្ខណៈជាស្រេចដើម្បី បើកការវាយលុកតាមជើងគោក ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសបង្កើនការគាំទ្រទ្វេដងសម្រាប់អ៉ីស្រាអែល និងព្រមានប្រឆាំងចំពោះ អ្នកទាំងឡាយណាដែលចង់ទាញយកប្រយោជន៍ពីសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣។

យោធាអ៉ីស្រាអែល កាលពីយប់ថ្ងៃអង្គារបានឱ្យដឹងយន្ដហោះចម្បាំងរបស់ខ្លួនរាប់សិបគ្រឿងបានបើកការវាយប្រហារតាមផ្លូវអាកាសលើគោលដៅច្រើនជាង ២០០ កន្លែងនៅក្នុងតំបន់ហ្កាហ្សា ដែលក្រុមហាម៉ាសប្រើប្រាស់ជាមូលដ្ឋានវាយប្រហារមិនធ្លាប់មានប្រឆាំងនឹងអ៉ីស្រាអែល។ ក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា (Gaza) បានរាយការណ៍ថាមនុស្សយ៉ាងហោច ៩០០នាក់ត្រូវបានសម្លាប់ និងជាង៤,៦០០នាក់បានរងរបួសនៅក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែល ខណៈខាង អ៉ីស្រាអែលអះអាងថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហាររបស់ហាម៉ាសកើនដល់ជាង ១,២០០នាក់។

ចំណែក ថ្លែងចេញពីសេតវិមានវិញនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានថ្កោលទោសយ៉ាងខ្លាំងលើ ការវាយប្រហាររបស់ក្រុមហាម៉ាស ជាមួយការបញ្ជាក់ថាសហរដ្ឋអាមេរិកកំពុងប្រញាប់ប្រញាលបញ្ជូនជំនួយទៅកាន់អ៉ីស្រាអែល តែលោកក៏បានអំពាវនាវផងដែរឱ្យ អ៉ីស្រាអែលដើរតាមច្បាប់សង្រ្គាម នៅក្នុងការសងសឹកប្រឆាំងនឹងក្រុមហាម៉ាស។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានដកកងទ័ពចេញពីតំបន់ហ្កាហ្សា កាលពីឆ្នាំ២០០៥ បន្ទាប់ពីកានកាប់ជាង៣៨ឆ្នាំ ហើយបានរក្សាការបិទខ្ទប់តំបន់នេះចាប់តាំងពីក្រុម ហាម៉ាសឡើងគ្រប់គ្រងតំបន់ហ្កាហ្សា ក្នុងឆ្នាំ២០០៧។ អ៉ីស្រាអែលក៏ត្រូវបានគេរាយការណ៍ដែរថាបានកែនកងទ័ពបម្រុងជាង ៣០០,០០០នាក់ ចំពោះមុខការព្រួយបារម្ភពីការបើកការវាយលុកចូលតំបន់ហ្កាហ្សា ដែលនេះកំពុងបង្កការភ័យខ្លាចពីការផ្ទុះរាលដាលកាន់តែខ្លាំងនៃសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ា៕