(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារនេះថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា គឺបង្ហាញយ៉ាងច្បាស់ពី «ការបរាជ័យ» នៃគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោននៅមជ្ឈិមបូព៌ា ហើយបានពណ៌នាការបង្កើត «រដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាព» ថាជា «ភាពចាំបាច់» ក្នុងការដោះស្រាយបញ្ហានេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

លោក ពូទីន បានធ្វើសេចក្តីថ្លែងការណ៍ទាំងនេះ នៅក្នុងអំឡុងពេលជំនួបរបស់លោកជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Muhammad Shia al-Sudani នៅទីក្រុងមូស្គូ ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហាម៉ាសបានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល។

លោក ពូទីន បាននិយាយដដូច្នេះថា «ខ្ញុំគិតថាមនុស្សជាច្រើនយល់ស្របជាមួយខ្ញុំថា នេះគឺជាឧទាហរណ៍ច្បាស់លាស់ នៃការបរាជ័យនៃគោលនយោបាយអាមេរិកនៅមជ្ឈិមបូព៌ា»។ទន្ទឹមនឹងនោះ លោកក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការអនុវត្តដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាព។

ប្រធានាធិបតីរុស្ស៉ីរូបនេះបាននិយាយទៀតថា សហរដ្ឋអាមេរិក «បានព្យាយាមផ្តាច់មុខ (ចំពោះជម្លោះនៅតំបន់បជ្ឈិមបូព៌ា) ប៉ុន្តែជាអកុសលវាមិនរវល់ក្នុងការស្វែងរកដំណោះស្រាយសម្របសម្រួល ដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរនោះទេ»

លោក​បាន​បន្ថែម​ថា លោក​ខាង​លិច «មិន​បាន​គិត​ដល់​ផលប្រយោជន៍​មូលដ្ឋាន​របស់​ប្រជាជន​ប៉ាឡេស្ទីន​ទេ»

គួរបញ្ជាក់ថា កាលពីថ្ងៃមុន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា ការបង្កើតរដ្ឋប៉ាឡេស្ទីនគឺជាដំណោះស្រាយ «គួរឱ្យទុកចិត្តបំផុត» សម្រាប់សន្តិភាពនៅអ៊ីស្រាអែល៕

រូបភាពពី AFP