(មូស្គូ)៖ អាជ្ញាធរអ៊ុយក្រែនបាននិយាយថា រុស្សីបានបាញ់បង្ហោះដ្រូនផលិតដោយអ៊ីរ៉ង់ចំនួន៣៦គ្រឿង ចូលទៅភាគខាងត្បូងអ៊ុយក្រែនកាលពីយប់មិញ ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងតំបន់ Odessa។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

កងទ័ព​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ការ​វាយ​ប្រហារ​បាន​កំណត់​គោលដៅ​លើ​តំបន់ Odessa, Mykolaiv និងតំបន់ Kherson ដោយ​បន្ថែម​ថា ប្រព័ន្ធ​ការពារ​អាកាស​បាន​បំផ្លាញ​យន្តហោះ​ដ្រូន​ចំនួន ២៧ គ្រឿង។

អភិបាលក្រុង Odessa លោក Oleh Kiper បានលើកឡើងដូច្នេះថា «ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាច្រើនត្រូវបានវាយប្រហារ ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនោះទេ»

ទោះយ៉ាងណាទីភ្នាក់ងារ AFP មិនអាចផ្ទៀងផ្ទាត់ព័ត៌មានដោយឯករាជ្យបានទេ​ ខណៈរុស្ស៉ីក៏មិនមានការអត្ថាធិប្បាយភ្លាមៗជុំវិញបញ្ហានេះដែរ។

ដោយឡែក រដ្ឋបាលតំបន់ Kherson បាននិយាយថា រុស្ស៊ីបានទម្លាក់គ្រាប់បែកនៅតំបន់នេះ ៧៩ដង ដោយមានទាំងកាំភ្លើងត្បាល់ កាំភ្លើងធំ និងយន្តហោះដ្រូន ក្នុងរយៈពេលមួយថ្ងៃកន្លងទៅ ដោយបានបណ្តាលឲ្យមនុស្ស៤នាក់រងរបួស និងខូចខាតអគារជាច្រើនខ្នង។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនគ្មានមនុស្សបើកជាប្រចាំ លើហេដ្ឋារចនាសម្ព័ន្ធនៅភាគខាងត្បូងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែថ្មីៗនេះ ដោយផ្តោតលើទីតាំងកំពង់ផែជាពិសេស៕