(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា មនុស្សជិតដល់២០០,០០០នាក់ហើយ បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេក្នុងតំបន់ Gaza Strip គិតចាប់តាំងពីមានការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុម Hamas ទៅលើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលបានជំរុញឱ្យអ៉ីស្រាអែលឆ្លើយតបវិញ តាមរយៈការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងយ៉ាង​ចាស់ដៃលើតំបន់នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។

ទីភ្នាក់ងារមនុស្សធម៌ OCHA របស់ UN បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ចំនួនមនុស្សរត់ភៀសខ្លួន បានកើនឡើងយ៉ាងគំហុកនៅទូទាំងតំបន់ Gaza Strip ដែលតួលេខបានបន្តកើនដល់លើស ១៨៧,៥០០នាក់ហើយ រាប់ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក ហើយ​ពួកគេភាគច្រើន កំពុងតែជ្រកកោននៅតាមសាលារៀនរបស់ UN»។ តួលេខនេះត្រូវបានរំពឹងថានឹងបន្តកើនឡើងថែមទៀត ដ្បិតអ៉ីស្រាអែល​នៅបន្តបើកការវាយប្រហារតាមផ្លូវអាកាសឥតឈប់ឈរ មកលើតំបន់ Gaza។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ ប្រមុខសិទ្ធិមនុស្សរបស់ UN ក៏បានលើកឡើងផងដែរថា ការប្រកាសដាក់វិធានការបិទខ្ទប់ទាំងស្រុងរបស់​អ៉ីស្រាអែលលើតំបន់ Gaza Strip ដែលនឹងកាត់ផ្តាច់អគ្គិសនី ស្បៀងអាហារ ទឹក និងឥន្ធនៈ គឺត្រូវបានហាមឃាត់ក្រោមច្បាប់អន្តរជាតិ ព្រោះវាបង្កការគំរាមកំហែងដល់អាយុជីវិតជនស៉ីវិល។ តំបន់ Gaza បានមើលឃើញ មនុស្សស្លាប់កើនលើស៧០០នាក់ហើយ ចាប់តាំងពី​អ៉ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាស ដើម្បីសងសឹកក្រុម Hamas៕

រូបភាពពី Reuters