(តេហេរ៉ង់)៖ មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងតេហេរ៉ង់មិនបានជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារ កាលពីចុងសប្តាហ៍មុន របស់ក្រុមហាម៉ាសប៉ាឡេស្ទីនលើអ៉ីស្រាអែលឡើយ ប៉ុន្តែរូបលោកបាន​សាទរចំពោះអ្វីដែលលោកចាត់ទុកជា ភាពបរាជ័យផ្នែកយោធានិងចារកម្ម ដែលមិនអាចស្រោចស្រង់វិញបាន របស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។

ក្នុងការថ្លែងសារដំបូងតាមកញ្ចក់ទូរទស្សន៍ ចាប់តាំងពីការវាយប្រហាររបស់ក្រុម Hamas លោក Khamenei បានប្រកាសថា ប្រទេស​របស់លោកមិនបានស្ថិតនៅពីក្រោយ សកម្មភាពរបស់ក្រុមប៉ាឡេស្ទីននេះឡើយ ប៉ុន្តែលោកបានបន្តយ៉ាងដូច្នេះថា «ពួកយើងអរគុណដល់ ​អ្នកដែលបានរៀបចំផែនវាយប្រហារទៅលើរបបហ្សូនីសអ៉ីស្រាអែល។ ទំហំខូចខាតនៃការវាយប្រហារនេះ នឹងមិនងាយជួសជុលវិញឡើយ ហើយកំហុសគ្រប់យ៉ាង គឺមកពីទង្វើរបស់របបហ្សូនីសអ៉ីស្រាអែលខ្លួនឯងផ្ទាល់ ដែលនាំឱ្យមានគ្រោះមហន្តរាយ បែបនេះ»

គួរបញ្ជាក់ថា ប្រទេសអ៉ីរ៉ង់ជាយូរមកហើយបានជួយផ្តល់ការគាំទ្រដល់ក្រុម Hamas ដែលជាក្រុមប៉ាឡេស្ទីនគ្រប់គ្រងនៅតំបន់ Gaza Strip ហើយមិនទទួលស្គាល់រដ្ឋអ៉ីស្រាអែលទេ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៉ីស្រាអែល បានអះអាងថា អ៉ីរ៉ង់មាន​ជាប់ទាក់ទងក្នុងការវាយប្រហារ កាលពីចុងសប្តាហ៍កន្លងទៅ របស់ក្រុម Hamas លើអ៉ីស្រាអែល ប៉ុន្តែបាននិយាយថា ខ្លួនមិនមានប្រភព​ចារកម្មឬភស្តុតាងណាមួយ ដែលចង្អុលទៅកាន់ការចូលរួមពាក់ព័ន្ធដោយផ្ទាល់ របស់ទីក្រុងតេហេរ៉ង់នោះទេ៕

រូបភាពពី Reuters