(ហ្សេរុយសាឡឹម)៖ យោធាអ៉ីស្រាអែលនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា សាកសពប្រហែលជា១,៥០០នាក់ នៃជនសកម្មប្រយុទ្ធរបស់ក្រុម Hamas ត្រូវបានរកឃើញនៅក្នុងប្រទេសអ៉ីស្រាអែល ក្បែរតំបន់ហ្កាហ្សា ស្ទ្រីព (Gaza Strip) ស្របពេលដែលខ្លួនបន្តការវាយប្រហារ​តាមផ្លូវអាកាសទៅលើដែនដីប៉ាឡេស្ទីនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យយោធាអ៉ីស្រាអែល លោក Richard Hecht បានប្រាប់អ្នកសារព័ត៌មានថា សាកសពប្រហែល១,៥០០នាក់នៃអ្នកប្រយុទ្ធ របស់ក្រុមហ៊ុន Hamas ត្រូវបានរកឃើញនៅក្នុងទឹកដីអ៉ីស្រាអែល ក្បែរព្រំប្រទល់តំបន់ Gaza Strip។ លោក Hecht បានបន្ថែមថា នាពេលនេះ កងកម្លាំងសន្តិសុខហាក់បានស្តារការគ្រប់គ្រងឡើងវិញហើយ នៅតំបន់ព្រំប្រទល់ជាប់ Gaza។ បើតាមលោកអ្នកនាំពាក្យ ខាងកងទ័ពក៏ជិតសម្រេចជាស្ថាពរ នូវការជម្លៀសប្រជាជនចេញពីសហគមន៍នានា ដែលនៅតាមបណ្តោយព្រំដែនតំបន់ Gaza ផងដែរ។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានទទួលរងការឆ្មក់វាយប្រហារទ្រង់ទ្រាយយ៉ាងភ្ញាក់ផ្អើល ពីសំណាក់ក្រុម Hamas ដែលបានបញ្ជូនអ្នកប្រយុទ្ធ​ជាច្រើននាក់សម្រុកចូលប្រទេសអ៉ីស្រាអែល អមជាមួយការបាញ់ស្រោចរ៉ុក្កែតរាប់ពាន់គ្រាប់តាមផ្លូវអាកាស កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ហើយបានបណ្តាលឱ្យមនុស្សសរុបកើនដល់ជាង៩០០នាក់ស្លាប់ នៅអ៉ីស្រាអែល។ ជាការឆ្លើយតប អ៉ីស្រាអែលបានបើកប្រតិបត្តិការវាយ​ប្រហារតាមផ្លូវអាកាស និងដោយកាំភ្លើងធំក្នុងទ្រង់ទ្រាយធំឥតឈប់វិញ ទៅលើតំបន់ Gaza ដែលជាមូលដ្ឋានរបស់ក្រុម Hamas ហើយ​គិតមកទល់ពេលនេះ បានផ្តាច់ជីវិតមនុស្សជាង៧០០នាក់ នៅទីនោះ៕

រូបភាពពីយោធាអ៉ីស្រាអែល