(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង Rodong Sinmun នៅថ្ងៃអង្គារនេះ បានទម្លាក់កំហុសទៅលើអ៉ីស្រាអែល ដែលបានបង្ក​ការបង្ហូរឈាមនៅតំបន់ Gaza Strip ខណៈទីក្រុងព្យុងយ៉ាងចេញមុខបង្ហាញទស្សនៈជាលើកដំបូង ជុំវិញការប្រយុទ្ធគ្នាយ៉ាងក្តៅគគុករវាង អ៉ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។

Rodong Sinmun ដែលត្រូវគេស្គាល់ថា ជាប្រព័ន្ធផ្សព្វផ្សាយសម្រាប់បង្ហាញពីទស្សនៈរបស់គណបក្សកាន់អំណាចកូរ៉េខាងជើង បានចេញផ្សាយនូវ​អត្ថបទខ្លីមួយ ស្តីពីជម្លោះរវាងអ៉ីស្រាអែលនិងតំបន់ Gaza ព្រមទាំងចំនួនជនរងគ្រោះ ដោយយោងតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយបរទេស។ កាសែត Rodong Sinmun បានលើកឡើងដូច្នេះថា «សហគមន៍អន្តរជាតិអះអាងថា ការប្រយុទ្ធគ្នានាពេលនេះ គឺជាលទ្ធផលបណ្តាលមក​ពីសកម្មភាពឧក្រិដ្ឋ ដែលអ៉ីស្រាអែលបានប្រព្រឹត្តជាប់ជាប្រចាំ ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ហើយដំណោះស្រាយចម្បងដើម្បីងើបចេញពី​វិបត្តិនេះ គឺការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ»

អំពើហិង្សាដែលបានផ្តាច់ជីវិតមនុស្សកើនដល់ជាង១,៦០០នាក់ហើយនោះ បានជំរុញឱ្យក្រុមប្រទេសលោកខាងលិច ប្រកាសបង្ហាញការគាំទ្រ​ចំពោះអ៉ីស្រាអែល រួមជាមួយការអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នា និងការការពារអាយុជីវិតជនស៉ីវិលស្លូតត្រង់ បន្ទាប់ពីក្រុម Hamas បាន​បើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើអ៉ីស្រាអែល កាលពីចុងសប្តាហ៍កន្លងទៅ ហើយអ៉ីស្រាអែលបានវាយប្រហារតាមផ្លូវអាកាសលើតំបន់ Gaza ដើម្បីជាការសងសឹកវិញ។

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅកូរ៉េខាងជើង ជារឿយៗតែងតែបង្ហាញទស្សនៈផ្ទុយគ្នា ប្រឆាំងនឹងទស្សនៈរបស់ក្រុមលោកខាងលិច ជាពិសេសទស្សនៈសហរដ្ឋអាមេរិក ពាក់ព័ន្ធទៅនឹងបញ្ហាអន្តរជាតិ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានថ្កោលទោស​ចំពោះ អ្វីដែលខ្លួនហៅថាកម្លាំងខាងក្នុងនិងខាងក្រៅប្រទេសស៉ីរី សម្រាប់ហេតុការណ៍វាយប្រហារដោយយន្តហោះដ្រូននាពេលថ្មីៗនេះ ដែលបានបង្កឱ្យមានមនុស្សស្លាប់ជាច្រើននៅស៉ីរី ហើយបានហៅសកម្មភាពនោះថា ជាការប៉ុនប៉ងបែបភេរវកម្ម ដើម្បីព្យាយាមផ្តួលរំលំ​របបប្រធានាធិបតីស៉ីរី លោក Bashar al-Assad៕

រូបភាពពី AFP