(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា កម្មវិធីផ្កាយរណបស៉ើបការណ៍យោធារបស់​ប្រទេសកូរ៉េខាងជើង គឺជាវិធានការមួយដែលពុំអាចបោះបង់ចោលបានឡើយ ដើម្បីទប់ទល់នឹងមហិច្ឆតាធ្វើយោធូបនីយកម្មរបស់សហរដ្ឋអាមេរិក ដែលមានគោលដៅជួយពង្រឹងសមត្ថភាព វាយប្រហារនុយក្លេអ៊ែររបស់រដ្ឋអាមេរិក ក៏ដូចជាធានាភាពខ្លាំងក្លាដាច់គេរបស់ទីក្រុងវ៉ាស៉ីនតោន នៅលើ​ពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។

បុគ្គលឈ្មោះ Ri Song Jin ដែល KCNA បានពិពណ៍នាថាជា អ្នកស្រាវជ្រាវនៃរដ្ឋបាលបច្ចេកវិទ្យាផ្នែកអវកាសកូរ៉េខាងជើង ហៅកាត់ NATA បានចោទប្រកាន់សហរដ្ឋអាមេរិកថា មានមហិច្ឆតាចង់បង្កើនអនុត្តរភាពយោធាឱ្យកាន់តែធំជាងមុននៅក្នុងតំបន់អាស៉ី តាមរយៈការពង្រីកវត្តមានកងកម្លាំងអវកាសរបស់ខ្លួន។ អ្នកស្រាវជ្រាវកូរ៉េខាងជើងបានគូសរំលេច អំពីទស្សនកិច្ចថ្មីៗនេះ របស់មេបញ្ជាការកងកម្លាំងអវកាសអាមេរិកទៅកាន់ទីក្រុងតូក្យូ និងការដាក់ពង្រាយសមាជិកកងកម្លាំងអវកាសអាមេរិក នៅកូរ៉េខាងត្បូង។

អ្នកស្រាវជ្រាវខាងលើបានបន្ថែមទៀតថា «ដោយសារតែឥឡូវនេះ សហរដ្ឋអាមេរិកកំពុងមានមហិច្ឆតាខ្លាំង ក្នុងការធ្វើយោធូបនីយកម្មទីអវកាស ហើយមានការវាយប្រហារនុយក្លេអ៊ែរទុកមុន ជាគោលដៅចុងក្រោយរបស់ខ្លួន តាមរយៈការដាក់ពង្រាយកងកម្លាំងអវកាស នៅពាសពេញ​ឧបទ្វីបកូរ៉េនិងតំបន់ក្បែរខាង ការអភិវឌ្ឍវិស័យអវកាសរបស់កូរ៉េខាងជើង រួមមានផ្កាយរណបស៉ើបការណ៍យោធា គឺជាជម្រើសយុទ្ធសាស្រ្តដែលមិនអាចខ្វះបាននោះទេ ដើម្បីធានាផលប្រយោជន៍ផ្នែកសន្តិសុខ និងសិទ្ធិរស់រានមានជីវិតរបស់កូរ៉េខាងជើង»

គួរបញ្ជាក់ថា កូរ៉េខាងជើងបានទទួលបរាជ័យចំនួន២លើក ក្នុងការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបចារកម្មយោធា ទៅដាក់នៅទីអវកាស កាលពីខែឧសភា និងខែសីហា ឆ្នាំនេះ ប៉ុន្តែបានប្តេជ្ញាថា ខ្លួននឹងព្យាយាមម្តងទៀត ហើយវាអាចនឹងកើតឡើងនៅក្នុងខែតុលានេះ។ កាលពី​ខែកញ្ញា មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទើបតែបានធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលបង្ហោះយានអវកាសទំនើបបំផុតរបស់ប្រទេសរុស្ស៉ី ជាទីដែលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានសន្យាជួយលោក គីម ផលិតផ្កាយរណប៕

រូបភាពពី Reuters