(ប៉េកាំង)៖ ការិយាល័យជាតិស្ថិតិនៃប្រទេសចិន នឹងបើកយុទ្ធនាការស្ទង់មិតនៅទូទាំងប្រទេស នាខែវិច្ឆិកាខាងមុខ ដើម្បីជួយដល់ការរៀបចំ​ឱ្យបានប្រសើរជាងមុន នូវផែនការគោលនយោបាយពាក់ព័ន្ធចំនួនប្រជាជន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។

ដោយបារម្ភអំពីការធ្លាក់ចុះលើកដំបូងបំផុតនៃចំនួនប្រជាជន គិតក្នុងរយៈពេល៦ទសវត្សរ៍ បូករួមជាមួយការកើនឡើងកាន់តែច្រើននៃចំនួនមនុស្សវ័យចំណាស់ ទីក្រុងប៉េកាំងកំពុងតែព្យាយាមសាកល្បងវិធានការជាច្រើន ដើម្បីលើកកម្ពស់អត្រាកំណើតថ្មីរបស់ប្រទេស នៅក្នុងនោះរួមមានទាំងកម្មវិធីឧបត្ថម្ភ​ផ្នែកហិរញ្ញវត្ថុ និងការពង្រឹងសេវាថែទាំកុមារ។ វិសាលភាពនៃយុទ្ធនាការស្ទង់មតិនោះ នឹងផ្តោតជាសំខាន់ទៅលើតំបន់ទីប្រជុំជននិងទីជនបទ ទូទាំងផ្ទៃ​ប្រទេស។ យ៉ាងណាក្តី មិនមានការបញ្ជាក់អំពីចំនួនប្រជាជន ដែលត្រូវបានស្ទង់មិតឡើយ។

ការិយាល័យជាតិស្ថិតិចិន បាននិយាយថា ផែនការស្ទង់មតិខាងលើ នឹងជួយតាមដានដោយត្រឹមត្រូវនិងទាន់ពេលវេលា ចំពោះការប្រែប្រួល​នៃចំនួនប្រជាជនរបស់ចិន ហើយផ្តល់ជាមូលដ្ឋានគ្រឹះមួយ សម្រាប់ឱ្យគណបក្សកុម្មុយនិស្តក៏ដូចជារដ្ឋាភិបាលចិន រៀបចំគោលនយោបាយនានា ដែលពាក់ព័ន្ធជាមួយសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍសង្គម ព្រមទាំងចំនួនប្រជាជន។ យុទ្ធនាការស្ទង់មតិនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា នៅពេលទីភ្នាក់ងារស្ទង់មតិរបស់រដ្ឋាភិបាលចិន នឹងចុះទៅតាមផ្ទះសម្បែងដើម្បីប្រមូលទិន្នន័យផ្ទាល់ ឬប្រាប់ឱ្យអ្នកត្រូវចូលរួមស្ទង់មតិ បំពេញ​កម្រងសំណួរតាមប្រព័ន្ធអនឡាញ។

គួរបញ្ជាក់ថា ប្រទេសចិនបានធ្វើជំរឿនប្រជាជន ដែលតែងប្រព្រឹត្តទៅម្តងក្នុង១ទសវត្សរ៍ ជាលើកចុងក្រោយកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ខណៈ​លទ្ធផលជំរឿននាពេលនោះ បានបង្ហាញថា កំណើនប្រជាជនចិនមានសន្ទុះយឺតជាទីបំផុត បើគិតចាប់តាំងតែពីការធ្វើជំរឿនប្រជាជនសម័យទំនើប​លើកទីមួយ កាលពីអំលុងទសវត្សរ៍ឆ្នាំ១៩៥០។ ចិនបានរាយការណ៍ពីការថយចុះប្រជាជនប្រហែល ៨៥០,០០០នាក់ សម្រាប់ចំនួនប្រជាជនសរុប១.៤១១៧៥ពាន់លាននាក់ កាលពីឆ្នាំ២០២២។ វាគឺជាការថយចុះ ចំនួនប្រជាជនលើកដំបូងបំផុតរបស់ចិន គិតចាប់តាំងពីឆ្នាំ១៩៦១ ដែលជាឆ្នាំចុងក្រោយនៃមហាគ្រោះទុរ្ភិក្សនៅប្រទេសចិន៕

រូបភាពពី Reuters