(វ៉ាស៊ីនតោន)៖ ឧត្តមសេនីយ៍កំពូលម្នាក់របស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានព្រមានអ៉ីរ៉ង់កុំឱ្យលូកដៃចូលក្នុងវិបត្តិនៅក្នុងប្រទេសអ៉ីស្រាអែល ខណៈក្រុមប្រដាប់អាវុធហេសប៊ូលឡាលីបង់ដែលមានអ៉ីរ៉ង់ជាមេកើយ បាញ់ផ្លោងគ្រាប់រ៉ុក្កែតចូលតំបន់ភាគខាងជើងអ៉ីស្រាអែល។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។

សេតវិមាន កាលពីថ្ងៃចន្ទនោះដែរ បាននិយាយចំៗថាអ៉ីរ៉ង់មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល បើទោះជាសហរដ្ឋអាមេរិក មិនមានព័ត៌មានសម្ងាត់ និងភស្តុតាងមកបញ្ជាក់ក៏ដោយ។ ដោយឡែក នៅពេលត្រូវបានសាកសួរថាតើមានសារអ្វីបញ្ជូនទៅកាន់អ៉ីរ៉ង់ លោកឧត្តមសេនីយ៍ Charles Q. Brown ជានាយសេនាធិការចម្រុះកងទ័ពអាមេរិកថ្មី បាននិយាយថា «កុំលូកដៃចូលឱ្យសោះ»។ ការលើកឡើងបែបនេះរបស់លោក Brown កើតមានឡើង ចំពេលកញ្ចប់ជំនួយយោធាដំបូងរបស់សហរដ្ឋអាមេរិក ត្រូវបានបញ្ជូនទៅកាន់អ៉ីស្រាអែលហើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ អ៉ីស្រាអែលបានបាញ់ផ្លោងមូលដ្ឋានរបស់ក្រុមហេសប៊ូលឡា ក្នុងប្រទេសលីបង់ ដោយសម្លាប់មនុស្សយ៉ាងហោច ៣នាក់ ហើយអ៉ីស្រាអែលបាននិយាយថាមន្ត្រីម្នាក់របស់ខ្លួនស្លាប់ ក្នុងការវាយឆ្មក់មួយចេញពីលីបង់។ ក្រុមហេសប៊ូលឡាគាំទ្រដោយអ៉ីរ៉ង់ និងអ៉ីស្រាអែល ក៏ធ្លាប់ធ្វើសង្រ្គាមជាមួយនឹងគ្នាជាច្រើនខែផងដែរ កាលពីឆ្នាំ២០០៦។ កាលពីថ្ងៃអាទិត្យម្សិលមិញ មន្ទីរបញ្ចកោណបានប្រកាសថាខ្លួនបានបញ្ជូន នាវាចម្បាំង នាវាផ្ទុកយន្ដហោះចម​្បាំង និងយន្ដហោះចម្បាំងបន្ថែម ទៅកាន់តំបន់ស្ថិតនៅក្បែរអ៉ីស្រាអែល៕

រូបភាព Reuters