(យ៉ាងហ្គន)៖ មនុស្ស ២៩នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារមួយរបស់កងទ័ពមីយ៉ាន់ម៉ាលើជំរំមួយ សម្រាប់ជនភៀសខ្លួននៅក្នុងតំបន់ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីអ្នកនាំពាក្យម្នាក់មកពីក្រុមប្រដាប់អាវុធជនជាតិដើមភាគតិចកាជីន (Kachin)ដែលគ្រប់គ្រងតំបន់រងការវាយប្រហារខាងលើ បានឱ្យដឹងទៀតថាការវាយប្រហារនេះកើតមានឡើងនៅម៉ោងប្រហែល ១១៖៣០នាទីកាលពីយប់ ថ្ងៃចន្ទសប្ដាហ៍នេះ។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងបានរកឃើញសាកសពមនុស្ស ២៩នាក់ ក្នុងនោះមានទាំងកូនក្មេង និងមនុស្សចាស់...ចំណែក មនុស្ស ៥៦នាក់ផ្សេងទៀតបានរងរបួស»។ បើតាមអ្នកនាំពាក្យដដែល មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថាតើការវាយប្រហារនោះធ្វើឡើងដោយរបៀប ណានោះទេ ដ្បិតពួកគេមិនបានឮសំឡេងយន្ដហោះចម្បាំងនោះទេ ហើយបច្ចុប្បន្នពួកគេកំពុងព្យាយាមកំណត់ថាតើយោធាមីយ៉ាន់ម៉ាបានប្រើប្រាស់ យន្ដហោះដ្រូន ក្នុងការវាយប្រហារលើជំរំជនភៀសខ្លួន ស្ថិតនៅក្បែរទីក្រុង ឡៃហ្សា (Laiza) នៅតាមបណ្ដោយព្រំដែនចិនឬក៏យ៉ាងណា? ប៉ុន្តែខាង យោធាមីយ៉ាន់ម៉ាមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។

គួរបញ្ជាក់ថា កងទ័ពឯករាជ្យកាជីន (Kachin Independence Army) តែងតែផ្ទុះជម្លោះជាប្រចាំជាមួយកងទ័ពមីយ៉ាន់ម៉ា ចាប់តាំងពីផ្ទុះការធ្វើ រដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រី អោងសាន ស៊ូជី ចេញពីអំណាចកាលពីឆ្នាំ២០២១មក។ កងទ័ពមីយ៉ាន់ម៉ាវិញក៏ធ្លាប់បាន ដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើការប្រគំតន្រ្តីមួយរៀបចំដោយកងទ័ពឯករាជ្យកាជីនផងដែរកាលពីខែតុលា ឆ្នាំ២០២២ ដោយសម្លាប់មនុស្ស យ៉ាងហោច ៥០នាក់ និង៧០នាក់រងរបួស៕

សមាជិកកងកម្លាំងការពារប្រជាជន ដែលជា ចលនាតស៊ូប្រដាប់អាវុធមីយ៉ាន់ម៉ា អំឡុងការបណ្ដុះបណ្ដាលមួយនៅក្បែរព្រំដែនមីយ៉ាន់ម៉ា និងថៃ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១៖ AFP