(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាសហរដ្ឋអាមេរិកមិនមានផែនការចូលរួមដោយយោធា នៅក្នុងជម្លោះរវាងអ៉ីស្រាអែល និងហាម៉ាសនោះទេ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំមួយរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានគូសបញ្ជាក់ដូច្នេះថា «មិនមាននោះឡើយ គោលបំណងបញ្ជូនកងទ័ពអាមេរិកទៅប្រយុទ្ធ»។ តែយ៉ាងណាក៏ដោយ លោក Kirby បានសង្កត់ធ្ងន់ថាលោកប្រធានាធិបតី ចូ បៃដិន នឹងតែងតែ គិតគូរជានិច្ចពីការថែរក្សា និងការពារផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ លោកក៏បានទទួលស្គាល់ដែរថាកញ្ចប់ ជំនួយយោធាដំបូងរបស់សហរដ្ឋអាមេរិកត្រូវបានបញ្ជូនទៅឱ្យអ៉ីស្រាអែលហើយ។

គួរបញ្ជាក់ថា ការផ្ដល់ជំនួយយោធានេះ កើតមានឡើងខណៈលោក ចូ បៃដិន កំពុងត្រៀមខ្លួនថ្លែងសុន្ទរកថាដ៏សំខាន់មួយចេញពីសេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បន្ទាប់ពីទទួលស្គាល់ថាពលរដ្ឋអាមេរិកយ៉ាងហោច ១១នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សា កាលពីចុងសប្ដាហ៍កន្លងទៅនេះ៕

រូបភាពពី Reuters