(វ៉ាស៊ីនតោន)៖ មេដឹកនាំសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៉ីតាលី និងចក្រភពអង់គ្លេស បានសន្យានៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះថាពួកគេនឹងគាំទ្រអ៉ីស្រាអែល នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារខ្លួនឯង បន្ទាប់ពីការវាយប្រហារដ៏ភ្ញាក់ ផ្អើលមួយពីសំណាក់ក្រុមហាម៉ាស (Hamas)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍រួមដដែល ចេញផ្សាយដោយសេតវិមាន មេដឹកនាំលោកខាងលិចទាំងនេះក៏បានលើកឡើងដែរថាពួកគេទទួល សេចក្ដីប​្រាថ្នាស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន ប៉ុន្តែក្រុមហាម៉ាស មិនបានផ្ដល់អ្វីទាល់តែសោះសម្រាប់ប្រជាជនប៉ាឡេស្ទីន ក្រៅតែពី នាំមកនូវការបង្ហូរឈាម»។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន មកទល់នឹងពេលនេះ បានកើនដល់ ៩០០នាក់ហើយ និងមនុស្សច្រើនជាង ៦៨០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែល លើតំបន់ ហ្កាហ្សា។ យ៉ាងណាមិញ នៅថ្ងៃចន្ទសប្ដាហ៍នេះ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាស់មូត អាបាស់ (Mahmoud Abbas) បានអំពាវនាវឱ្យ អង្គការសហប្រជាជាតិ ចាត់វិធានការសកម្មភាពជាបន្ទាន់ប្រឆាំងនឹងការឈ្លានពានឥតឈប់ឈររបស់អ៉ីស្រាអែល លើប្រជាជនប៉ាឡេស្ទីន៕