(ហ្ស៊េរុយសាឡិម)៖ នៅព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) បានបើកប្រតិបត្តិការវាយប្រហារលើអ៉ីស្រាអែលទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ ចេញពីតំបន់ហ្កាហ្សា (Gaza) ឯណោះវិញ ក្រុមសកម្មប្រយុទ្ធមួយនេះបានបាញ់គ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់ចូលទឹកដីអ៉ីស្រាអែល ខណៈ ក្រុមអ្នកប្រយុទ្ធរបស់ពួកគេបានទម្លុះព្រំដែនចូលអុកឡុក និងសម្លាប់ ព្រមទាំងចាប់ខ្លួនមនុស្សជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង។

ការវាយប្រហាររបស់ក្រុមហាម៉ាស់ ដែលកើតមានឡើងចំការប្រារព្ធខួប ៥០ឆ្នាំនៃសង្រ្គាម Yom Kippur ឆ្នាំ១៩៧៣ បានផ្ដាច់ជីវិតជនជាតិអ៉ីស្រាអែលច្រើនជាង ៧០០នាក់ ហើយមនុស្សច្រើនជាង ៤០០នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារសងសឹកពីសំណាក់កម្លាំងអ៉ីស្រាអែលលើតំបន់ហ្កាហ្សា។ ការប្រយុទ្ធគ្នាយ៉ាង បង្ហូរឈាមនៅតែមិនទាន់បញ្ចប់នៅឡើយទេ ដោយកាលពីថ្ងៃអាទិត្យ ទី៨ ខែតុលា ខណៈខ្មាន់កាំភ្លើងហាម៉ាស់ និងកងកម្លាំងសន្តិសុខអ៉ីស្រាអែល កំពុងបន្ត វាយប្រយុទ្ធគ្នានៅក្នុងតំបន់ភាគខាងត្បូង ក្រុមសកម្មប្រយុទ្ធហេសប៊ូលឡាវិញស្រាប់តែបានបាញ់ផ្លោងកាំភ្លើងធំ និងគ្រាប់រ៉ក្កែតជាមួយកងទ័ពអ៉ីស្រាអែល នៅតំបន់ព្រំដែនភាគខាងជើង។ អំពើហិង្សាកំពុងផ្ទុះឡើងនេះបានបង្កជាភាពភ័យខ្លាចពីលទ្ធភាពផ្ទុះទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល ហើយក៏ប្រហែលជា ដើម្បីទប់ស្កាត់សង្រ្គាមក្នុងតំបន់ផ្ទុះឡើងដែរ ទើបសហរដ្ឋអាមេរិកបានសម្រេចចិត្តបញ្ជូននាវាពិឃាត នាវាផ្ទុកយន្ដហោះចម្បាំង USS Gerald R. Ford និងយន្ដហោះចម្បាំងបន្ថែមទៅកាន់តំបន់សមុទ្រមេឌីទែររ៉ាណេខាងកើត។

* តើមានគ្រោះថ្នាក់នៃការផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាដែរឬទេ?
ក្រុមសកម្មប្រយុទ្ធលីបង់ហេសប៊ូលឡា (Hezbollah) បានចេញមុខទទួលខុសត្រូវចំពោះការបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងធំរាប់សិបគ្រាប់លើតំបន់មួយកំពុងមាន ជម្លោះស្ថិតនៅតាមបណ្ដោយព្រំដែនភាគខាងជើងរបស់អ៉ីស្រាអែល។ នៅក្នុងកែវភ្នែកអ៉ីស្រាអែល ក្រុមសកម្មប្រយុទ្ធហេសប៊ូលឡាក៏ជាការគំរាមកំហែងដ៏ធំដែរ ដ្បិត ក្រុមនេះមានអ៉ីរ៉ង់ជាមេកើយ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហាម៉ាស់។ ក្រុមអ្នកវិភាគខ្លះមានការបារម្ភថាសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស់សព្វថ្ងៃ អាច នឹងដាក់សម្ពាធឱ្យក្រុមហេសប៊ូលឡាបើកសមរភូមិប្រយុទ្ធមួយផ្សេងទៀត នៅព្រំដែនភាគខាងជើងរបស់អ៉ីស្រាអែល។

កាលពីឆ្នាំ២០១៦ ហេសប៊ូលឡា និងអ៉ីស្រាអែលធ្លាប់ធ្វើសង្រ្គាមនឹងគ្នារយៈពេល ៣៤ថ្ងៃដោយបន្សល់ទុកមនុស្សច្រើនជាង ១,២០០នាក់ស្លាប់នៅលីបង់ ក្នុងនោះ ភាគច្រើនជាជនស៊ីវិល និងភាគីអ៉ីស្រាអែលបាត់បង់ជីវិតមនុស្ស១៦០នាក់ ភាគច្រើនជាទាហាន។ លោក ដេវីដ រីហ្គូឡេ រ៉ូស (David Rigoulet-Roze) ជានិពន្ធ នាយកនៃទស្សនាវដ្ដីស្រាវជ្រាវ អូរីយ៉ង់ ស្រ្តាតេហ្ស៉ីគ (Orients Stratégiques) បានគូសបញ្ជាក់ ដូច្នេះថា « ហានិភ័យនៃការផ្ទុះរាលដាលជម្លោះកាន់តែធំពិតជាមាន ជាពិសេសចំពោះអ្វីដែលកំពុងកើតឡើងនៅតំបន់ព្រំដែនភាគខាងជើងរបស់អ៉ីស្រាអែល ពោលហានិភ័យនៃការសមរភូមិសង្រ្គាមទី២ នៅបើកចំហទ្វារ ហើយវាពិតជា គួរឱ្យបារម្ភ»។

នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានប្រកាសពីថ្ងៃសៅរ៍ថាអ៉ីស្រាអែលកំពុងស្ថិតក្នុងស្ថានភាពសង្រ្គាម ហើយកងកម្លាំងរបស់លោកនឹងឱ្យសត្រូវ តបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសម ដោយមិនបានបញ្ជាក់អ្វីឱ្យច្បាស់នោះទេ។ ប៉ុន្តែ ក្រុមអ្នកវិភាគជឿថាលទ្ធភាពនៃសង្រ្គាមទ្រង់ទ្រាយធំមិនអាចត្រូវបានបដិសេធ ឡើយ។​ «ប្រសិនបើអ៉ីស្រាអែលបញ្ជូនកងទ័ពជើងគោកវាយលុកចូលក្នុងតំបន់ហ្កាហ្សា ឬក៏ចាត់វិធានការណាមួយមានលក្ខណៈធ្ងន់ធ្ងរបំផុត នោះក្រុមហេសប៊ូលឡា អាចនឹង បើកសមរភូមិទី២ ក្នុងប្រទេសលីបង់ ហើយការពារការសម្រេចចិត្តរបស់ពួកគេដោយនិយាយថាពួកគេគ្មានជម្រើស និងត្រូវតែការពារប៉ាឡេស្ទីន»។ នេះជាការគូសបញ្ជាក់ របស់លោក ហូសេន អ៉ីប៊ីស (Hussein Ibish) ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថាន Arab Gulf States Institute។ លោកបន្ថែមថារឿងបែបនេះប្រសិនបើកើតឡើងមែន នោះ គេអាចនឹងបានឃើញអ៉ីស្រាអែលត្រូវធ្លាក់ចូលក្នុងសង្រ្គាមច្រើនសមរភូមិជាមួយក្រុមសកម្មប្រយុទ្ធផ្សេងៗគ្នា ក្នុងនោះភាគច្រើនគាំទ្រដោយអ៉ីរ៉ង់។

មិនតែប៉ុណ្ណោះ លោកស្រី ម៉ារីយ៉ុំា បឺរ៉ាដ (Myriam Benraad) ជាអ្នកវិទ្យាសាស្ត្រនយោបាយឯកទេសកិច្ចការពិភពអារ៉ាប់ មកពីសាកលវិទ្យាល័យ ស៊ីលឡេ (Schiller University) ក្នុងទីក្រុងប៉ារីស បាននិយាយដូចគ្នាថាការវាយប្រហារបស់ក្រុមហាម៉ាស់ ក៏អាចនឹងបង្កទៅជាភាពតានតឹងរវាងអ៉ីស្រាអែល និងបណ្ដាប្រទេសអារ៉ាប់។ កាលពី ឆ្នាំ២០២០ ប្រទេសអារ៉ាប់ដូចជាអេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងម៉ារ៉ុក បានចុះកិច្ចព្រមព្រៀងសន្តិភាពមានឈ្មោះថា Abraham Accords ជាមួយអ៉ីស្រាអែលដោយមាន អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមេអណ្ដើត។ សម្រាប់លោកស្រី ម៉ារីយ៉ុំា ក្រៅតែពីបរិបទអ៉ីស្រាអែល និងប៉ាឡេស្ទីន វាក៏មានដែរបរិបទរវាងអ៉ីស្រាអែល និងអារ៉ាប់ដែលអាចនឹងឈានដល់ភាពតានតឹង ពីព្រោះថាក្នុងចំណោមសាធារណមតិលើសលប់នៅក្នុងបណ្ដាប្រទេសអារ៉ាប់នៅតែបន្តគាំទ្រប៉ាឡេស្ទីន។ ដោយឡែក នៅម្ខាងទៀត នោះគឺក្រុមហាម៉ាស់កំពុងប្រកាន់ជំហរតឹងរ៉ឹងក្នុងគោលបំណងរារាំងកុំឱ្យអារ៉ាប់ ភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាមួយអ៉ីស្រាអែល។

* តើមានន័យយ៉ាងណាចំពោះការផ្សះផ្សាររវាងអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល?
បើទោះជាក្រុមហាម៉ាស់ មិនបាននិយាយឱ្យច្បាស់ៗថាតើហេតុអ្វីបានជាពួកគេសម្រេចចិត្តបើកការវាយប្រហារលើអ៉ីស្រាអែលនៅពេលនេះក៏ដោយ ក៏ប៉ុន្តែ ការវាយប្រហារនេះ ចង់ ឬមិនចង់ វាអាចនឹងបង្កភាពស្មុគស្មាញរឹតតែខ្លាំងដល់ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល។ ចាប់តាំងពីចុងខែកញ្ញាកន្លងមក អារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល ត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ថាបានចូលរួមកិច្ចចរចាជាច្រើនដឹកនាំដោយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ ត្រឡប់ទៅ រកភាពប្រក្រតី ដែលគេអាចនឹងបានឃើញអារ៉ាប៊ីសាអូឌីតទទួលស្គាល់អ៉ីស្រាអែល ជាប្រទេសមួយ ជាថ្នូរនឹងការទទួលបានការធានាផ្នែកសន្តិសុខពីសហរដ្ឋអាមេរិក។

ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន បានផ្ដល់កិច្ចសម្ភាសន៍ដ៏កម្រមួយជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃទី២០ ខែកញ្ញា ដោយ បានលើកឡើងពីភាពជឿនលឿនទៅមុខនៃកិច្ចចរចាដែលកំពុងនាំប្រទេសទាំង២ កាន់តែខិតជិតទៅរកការភ្ជាប់ទំនាក់ទំនងជាប្រក្រតីពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែ ព្រះអង្គក៏ បានបញ្ជាក់ដែរថាសិទ្ធិសេរីភាពរបស់ប្រជាជនប៉ាឡេស្ទីន នៅតែស្ថិតជាបញ្ហាដ៏សំខាន់បំផុតមួយដែលនឹងត្រូវបានដោះស្រាយ។

២ថ្ងៃក្រោយការចេញផ្សាយកិច្ចសម្ភាសន៍នេះ លោក​នាយករដ្ឋមន្ត្រី Netanyahu បានថ្លែងសុន្ទរកថានៅឯមហាសន្និបាតអង្គការសប្រជាជាតិ ជាមួយការអះអាងថាអ៉ីស្រាអែល ​បាន និងកំពុងស្ថិតនៅលើការបំបែកភាពជាប់គាំងជាប្រវត្តិសាស្ត្រមួយដែលអាចនឹងនាំទៅរកកិច្ចព្រមព្រៀងសន្តិភាពមួយ។ ដោយមានការខ្នះខ្នែងពីលោក ចូ បៃដិន ដែលចង់ សម្រេចឱ្យបាននូវជ័យជម្នះការទូតដ៏អស្ចារ្យមួយ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ កិច្ចចរចារវាងអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល ដំបូងឡើយត្រូវបានរំពឹង ថានឹងបន្តនៅប៉ុន្មានសប្ដាហ៍ខាងមុខ។ ប៉ុន្តែ បច្ចុប្បន្នបែរជាត្រូវស្រពេចស្រពិលទៅវិញ។ នៅត្រង់ចំណុចនេះ លោក ហូសេន អ៉ីប៊ីស បានកត់សម្គាល់ថា «ការវាយប្រហាររបស់ ក្រុមហាម៉ាស់ ច្បាស់ណាស់គឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបញ្ឈប់ដំណើរការនៃការផ្សះផ្សារទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល ហើយខ្ញុំគិតថាហាម៉ាស់ពិតជា មើលឃើញពីឱកាសល្អដើម្បីធ្វើរឿងមួយនេះ»។ លោកបន្តថា «សម្រាប់ខ្ញុំ មើលទៅវាហាក់ដូចជាអ៉ីស្រាអែលកំពុងស្ថិតនៅក្នុងស្ថានភាពមួយមិនអាចទៅរួច។ អ្វីៗដែលហាម៉ាស់ កំពុងធ្វើដើម្បីព្យាយាមរារាំងកុំឱ្យរឿងនេះកើតឡើងជាថ្មី គឺមានន័យថាវានឹងនាំមកនូវការឈឺចាប់បន្ថែមដល់ប្រជាជនប៉ាឡេស្ទីន ការធ្វើអាណានិគមកាន់តែខ្លាំង ការរឹតត្បិត កាន់តែខ្លាំង និងអំពើឃោរឃៅកាន់តែច្រើនទៅលើភាគីអ៉ីស្រាអែល ដែលនេះឯងនឹងធ្វើឱ្យអារ៉ាប៊ីសាអូឌីតពិបាកក្នុងការឆ្ពោះទៅមុខ (ទៅរកការផ្សះផ្សារទំនាក់ទំនងជាមួយ អ៉ីស្រាអែល»។

គួរបញ្ជាក់ថា ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅក្នុងសេចក្ដីថែ្លងការណ៍កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថាខ្លួនបានព្រមានជាយូរមកហើយពីស្ថានភាពយ៉ាប់យ៉ឺន ដែលបង្កឡើងដោយសារការធ្វើអាណានិគម និងការបំពានសិទ្ធិសេរីភាពរបស់ប្រជាជនប៉ាឡេស្ទីន ជាមួយការរំលឹកឡើងវិញផងដែរពីការគាំទ្រដ៏យូរអង្វែងរបស់អារ៉ាប៊ីសាអូឌីត ចំពោះប៉ាឡេស្ទីន។ នៅតែត្រង់នេះឯងដែលលោក អ៉ីប៊ីស យល់ថារឿងទាំងនេះគឺចូលទៅក្នុងការគិតទុកជាមុនរបស់ក្រុមហាម៉ាស់៕