(ឌូបៃ)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់បានអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់ នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម OIC ខណៈដែលការប្រយុទ្ធកាន់តែខ្លាំងរវាងកងកម្លាំងហាម៉ាស និងកងកម្លាំងអ៊ីស្រាអែល បន្ទាប់ពីមានការវាយប្រហារកាលពីចុងសប្តាហ៍លើប្រទេសអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យអង្គការសហប្រតិបត្តិការឥស្លាម លោក Nasser Al-Kanaani បាននិយាយថា «ទីក្រុងតេហេរ៉ង់ បានអំពាវនាវឱ្យមានកិច្ចប្រជុំបន្ទាន់នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម ដើម្បីពិភាក្សាអំពីការវិវឌ្ឍន៍ក្នុងតំបន់»

អ៊ីរ៉ង់បាននិយាយថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារដែលក្រុមហាម៉ាស់ បានសម្លាប់ជនជាតិអ៊ីស្រាអែលចំនួន ៧០០ នាក់ និងចាប់បានមនុស្សរាប់សិបនាក់ផ្សេងទៀតនោះទេ។ ជនជាតិប៉ាឡេស្ទីនជាង ៤០០ នាក់ក៏ត្រូវបានសម្លាប់ផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បាននិយាយថា មិនមានភស្តុតាងណាមួយដែលថា អ៊ីរ៉ង់នៅពីក្រោយការវាយប្រហារនាពេលថ្មីៗនេះលើអ៊ីស្រាអែលនោះទេ ប៉ុន្តែលោកបាននិយាយថា មានទំនាក់ទំនងរយៈពេលវែងរវាងទីក្រុងតេអេរ៉ង់ និងក្រុមហាម៉ាស់។

ការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមហម៉ាសប៉ាឡេស្ទីន គឺជាផ្នែកមួយនៃបណ្តាញកងជីវពល និងក្រុមប្រដាប់អាវុធដ៏ទូលំទូលាយដែលខ្លួនគាំទ្រនៅទូទាំងមជ្ឈិមបូព៌ា ដោយផ្តល់ឱ្យទីក្រុងតេហេរ៉ង់នូវវត្តមានដ៏រឹងមាំនៅក្នុងប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេម៉ែន ព្រមទាំងតំបន់ហ្គាហ្សាផងដែរ។

ការវាយប្រហាររបស់ក្រុមហាម៉ាស ដែលជាការលុកលុយដ៏ធំបំផុតចូលទៅក្នុងប្រទេសអ៊ីស្រាអែលក្នុងរយៈពេលជាច្រើនទស្សវត្ស បានកើតឡើងស្របពេលជាមួយនឹងចលនាគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងការជំរុញប្រទេសអារ៉ាប៊ីសាអូឌីតឆ្ពោះទៅរកការធ្វើឱ្យទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល ជាថ្នូរនឹងកិច្ចព្រមព្រៀងការពារជាតិរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាទ។ ទង្វើបែបនេះបានរារាំងការស្តាទំនាក់ទំនងគ្នាឡើងវិញនាពេលថ្មីៗនេះ រវាងអារ៉ាប៊ីសាអូឌីត និងទីក្រុងតេអេរ៉ង់៕

រូបភាពពី AFP