(ញូវយ៉ក)៖ អ្នកគាំទ្រអ៊ីស្រាអែល និងអ្នកគាំទ្របុព្វហេតុប៉ាឡេស្ទីន បានចេញធ្វើបាតុកម្មប្រជែងគ្នានៅក្នុងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ជុំវិញជម្លោះដែលបានសម្លាប់មនុស្សរាប់រយនាក់ និងរាប់ពាន់នាក់ផ្សេងទៀតរងរបួសនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។

នៅទីក្រុងញូវយ៉ក ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងបាតុករប្រឆាំងនៅជិតអគារអង្គការសហប្រជាជាតិ បន្ទាប់ពីអ្នកគាំទ្រប៉ាឡេស្ទីនមួយក្រុមធំបានប្រមូលផ្តុំគ្នានៅ Times Square ។ ជនជាតិអាមេរិកប៉ាឡេស្ទីនបានតវ៉ានៅមុខស្ថានកុងស៊ុលអ៊ីស្រាអែលនៅទីក្រុងអាត្លង់តា និងទីក្រុងឈីកាហ្គោ។ ដោយឡែកអតីតប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានដឹកនាំការប្រមូលផ្តុំសហគមន៍ជ្វីហ្វ ដើម្បីគាំទ្រអ៊ីស្រាអែល នៅសាលាប្រជុំមួយក្នុងទីក្រុង San Francisco ។

បាតុកម្ម និងការចូលរួមរបស់មេដឹកនាំនយោបាយអាមេរិក បង្ហាញពីផលវិបាកដ៏ស៊ីជម្រៅនៃជម្លោះ ដែលបានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ជាឱ្យដាក់ពង្រាយកម្លាំងទ័ពជើងទឹក នៅភាគខាងកើតមេឌីទែរ៉ាណេ ដើម្បីត្រៀមជួយអ៊ីស្រាអែល៕

រូបភាពពី AFP