(បាងកក)៖ ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយឱ្យដឹងនៅថ្ងៃចន្ទនេះថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងមូសុង នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា បានជម្លៀសមនុស្សជាង ១០,០០០ នាក់ និងរំខានដល់ចរាចរណ៍ខ្សែររថភ្លើង ដែលតភ្ជាប់ទីក្រុងធំជាងគេរបស់ប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។

មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខុមាលភាពសង្គម និងសង្គ្រោះ លោកស្រី Lai Shwe Zin Oo បាននិយាយថា ភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងតំបន់ Bago ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន បានបណ្តាលឱ្យមានទឹកជំនន់នៅតំបន់ទំនាប នៃទីប្រជុំជនរបស់តំបន់នេះ។ លោកស្រីបានបន្ថែមថា រហូតមកដល់ពេលនេះ មិនទាន់មានអ្នករងរបួសទេ ប៉ុន្តែមនុស្សជាង ១០,០០០ នាក់ ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ។

នាយកដ្ឋានឧតុនិយមមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុង Bago បានកត់ត្រាទឹកភ្លៀង ២០០មីលីម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥៩ ឆ្នាំ។ ភ្លៀង​ធ្លាក់​ឬ​ផ្គរ​រន្ទះ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​មាន​នៅ​ទូទាំង​ប្រទេស​រហូត​ដល់​ល្ងាច​ថ្ងៃ​ចន្ទ។

មេដឹកនាំក្រុមសង្គ្រោះបន្ទាន់នៅទីក្រុង Bago បានប្រាប់សារព័ត៌មានថា ទឹកជំនន់មានជម្រៅយ៉ាងហោចណាស់ ៧-៨ ហ្វីត ឬស្មើនឹង ២.៤៤ ម៉ែត្រនៅក្នុងតំបន់ទំនាប និង ៣-៤ហ្វីតនៅកណ្តាលទីក្រុង៕

រូបភាពពី AFP