(ហ្សេរុយសាឡឹម)៖ ថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានប្រកាសចេញបទបញ្ជាឱ្យធ្វើការបិទខ្ទប់ទាំងស្រុង ចំពោះតំបន់ Gaza ដែលជាមូលដ្ឋានរបស់ក្រុមប៉ាឡេស្ទីន ហាម៉ាស់ (Hamas)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយ ដោយសំដៅលើតំបន់ Gaza Strip ដែលជាទីជម្រករបស់ប្រជាជនប៉ាឡេស្ទីន២.៣លាននាក់ លោកប្រមុខការពារជាតិអ៉ីស្រាអែល បាននិយាយយ៉ាងដូច្នេះថា «ពួកយើងនឹងអនុវត្តការបិទខ្ទប់ជិតទាំងស្រុងតែម្តងចំពោះតំបន់ Gaza ដោយនឹងគ្មានអគ្គិសនី ស្បៀងអាហារ ទឹក ឥន្ធនៈ ឬឧស្ម័ន នោះឡើយ ពោលគឺអ្វីៗនឹងត្រូវបិទខ្ទប់ទាំងអស់»

គួរបញ្ជាក់ថា ការប្រកាសវិធានការក្តៅខាងលើនេះកើតមានឡើង បន្ទាប់ពីអ៉ីស្រាអែលបានទទួលរង ការឆ្មក់វាយប្រហារទ្រង់ទ្រាយធំសម្បើម ពីសំណាក់ក្រុម Hamas កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។ ទើបតែនៅថ្ងៃចន្ទនេះប៉ុណ្ណោះ ដែលយោធាអ៉ីស្រាអែលបានប្រកាសថា កងកម្លាំងរបស់ខ្លួន​បានដណ្តើមការគ្រប់គ្រងពេញលេញមកវិញ នៅតាមតំបន់ដែលរងការលុកលុយដោយពួក Hamas។ ទន្ទឺមគ្នា អ៉ីស្រាអែលក៏បាននិងកំពុងបន្ត​ធ្វើការវាយប្រហារតាមផ្លូវអាកាស និងបាញ់ផ្លោងកាំភ្លើងធំឥតឈប់ឈរ ទៅលើតំបន់ Gaza ផងដែរ។ គិតមកទល់ពេលនេះ មនុស្សប្រហែល១,២០០នាក់ហើយបានស្លាប់ និងរាប់ពាន់នាក់បានរងរបួស ក្នុងសង្រ្គាមរវាងភាគីទាំងពីរ៕

រូបភាពពី AFP