(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បាននិយាយនៅថ្ងៃចន្ទនេះថា ទំនាក់ទំនងចិន-អាមេរិក នឹងជះឥទ្ធិពលដល់ជោគវាសនារបស់មនុស្សជាតិទាំងមូល ក្នុងឱកាសដែលរូបលោក ទទួលជួបគណៈប្រតិភូនៃសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក នៅទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។

មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាអាមេរិក លោក ឆាក់ ឈូមើ (Chuck Schumer) ជាមន្រ្តីជាន់ខ្ពស់អាមេរិកចុងក្រោយគេបង្អស់ ដែលបានធ្វើដំណើរមកកាន់ប្រទេសចិន ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន កំពុងតែព្យាយាមបន្ធូរបន្ថយភាពតានតឹងជាមួយទីក្រុងប៉េកាំង។ លោក Schumer បានដឹកនាំប្រតិភូដែលមានសមាជិកព្រឹទ្ធសភាអាមេរិក សរុប៦នាក់ មកពីបក្សប្រជាធិបតេយ្យនិងបក្សសាធារណរដ្ឋ។

នៅពេលជួបពិភាក្សាជាមួយ លោកមេដឹកនាំព្រឹទ្ធសភាអាមេរិក នៅមហាវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង លោកប្រធានាធិបតីចិន បាននិយាយដូច្នេះថា «របៀបដែលចិន និងសហរដ្ឋអាមេរិករក្សាទំនាក់ទំនងជាមួយគ្នា នៅចំពោះមុខពិភពលោកមួយ ដែលបច្ចុប្បន្នពោរពេញដោយការប្រែប្រួល​និងភាពជ្រួលច្របល់ គឺនឹងកំណត់អំពីអនាគត ក៏ដូចជាជោគវាសនានៃមនុស្សជាតិទាំងមូល»

លោក ស៉ី ជីនពីង បានបន្តទៀតថា «ខ្ញុំធ្លាប់និយាយជាច្រើនដងមកហើយ រួមមានទាំងទៅកាន់ ប្រធានាធិបតីអាមេរិកប៉ុន្មានរូបផងដែរថា ពួកយើងមានដល់ទៅ១,០០០ហេតុផល ដើម្បីធ្វើឱ្យទំនាក់ទំនងចិន-អាមេរិកប្រសើរឡើង ប៉ុន្តែមិនមានសូម្បីតែ១ហេតុផល ដើម្បីបំផ្លាញ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ»។ លោក ស៉ី បានបន្ថែមថា ចំណងទាក់ទងចិន-អាមេរិក គឺជាទំនាក់ទំនងទ្វេភាគីសំខាន់បំផុតលើលោក។ មុនជួបលោក ស៉ី ជីនពីង លោក Schumer ក៏បានជួបរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ផងដែរ។

គួរបញ្ជាក់ថា ក្នុងឆ្នាំនេះ មុនដំណើរទស្សនកិច្ចរបស់លោក Schumer រដ្ឋមន្រ្តីអាមេរិកប៉ុន្មានរូប រួមមានលោក Antony Blinken ដែលជា​រដ្ឋមន្រ្តីការបរទេស, លោកស្រី Janet Yellen រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងលោកស្រី Gina Raimondo រដ្ឋមន្រ្តីពាណិជ្ជកម្ម ព្រមទាំង​បេសកជនទទួលបន្ទុកបញ្ហាប្រែប្រួលអាកាសធាតុអាមេរិក លោក John Kerry បានធ្វើទស្សនកិច្ចមកកាន់ប្រទេសចិន។ ដោយឡែក កាលពីថ្ងៃសុក្រសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហើបថា រូបលោកក៏អាចនឹងជួបលោក ស៉ី នៅទីក្រុង San Francisco ក្នុងខែវិច្ឆិកា ខាងមុខផងដែរ៕

រូបភាពពី AFP