(ប៉េកាំង)៖ ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩បានបិទបញ្ចប់ដោយគាប់ប្រសើរ នៅទីក្រុងHangzhouនៅយប់ថ្ងៃទី៨ខែតុលា។ លោកLi Qiangនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួត។

ក្នុងរយៈពេល១៦ថ្ងៃកន្លងមកនេះ ប្រតិភូកីឡាចិនដណ្តើមបាន មេដាយមាសចំនួន ២០១គ្រឿងនិងចំនួនមេដាយសរុប៣៨៣គ្រឿង ដោយសម្រេចបាននូវលទ្ធផលល្អបំផុតក្នុងប្រវត្តិសាស្រ្តចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីនិងបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងតារាងមេដាយមាសនៃការប្រកួតកីឡាអាស៊ីជាលើកទី១១។

ថ្លែងក្នុងសុន្ទរកថា លោកGao Zhidan ប្រធានគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ី Hangzhouនិងជាប្រធានគណៈកម្មាធិការអូឡាំពិកចិនបានលើកឡើងថា លោកXi Jinpingប្រធានរដ្ឋចិនបានដាក់ចេញនូវការរំពឹងទុកយ៉ាងទទូច និងសំណូមពរយ៉ាងច្បាស់លាស់ចំពោះ ការរៀបចំការប្រកួតឱ្យបានជោគជ័យ។ តាមរយៈការខិតខំប្រឹងប្រែងឥតឈប់ឈរ យើងបានបំពេញតាមការសន្យាដ៏ម៉ឺងម៉ាត់ស្តីពី ការរៀបចំការប្រកួតកីឡាអាស៊ីមួយលើកប្រកបដោយ "លក្ខណៈពិសេសចិន រចនាបថអាស៊ី និងមានភាពទាក់ទាញច្រើន"។

លោក Singh ប្រធានស្តីទីនៃក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានថ្លែងថា ការប្រកួតកីឡាអាស៊ីលើកនេះពិតជាអស្ចារ្យណាស់ និងមិនអាចបំភ្លេចបាន ដែលទទួលបានភាពជោគជ័យ ដែលមិនធ្លាប់មានពីមុនមក។ លោកSingh បានប្រកាសបិទការប្រកួតកីឡាអាស៊ីលើកទី១៩ នៅទីក្រុងHangzhou ព្រមទាំងបានថ្លែងសារអញ្ជើញអត្តពលិក នៃបណ្តាប្រទេសទៅចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ នៅក្រុងNagoya ខេត្តAichi នៃប្រទេសជប៉ុននៅបីឆ្នាំក្រោយ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន