(ប៉េកាំង)៖ អ្នកធ្វើទេសចរណ៍ក្នុងស្រុកមានចំនួន៨២៦លាននាក់ ដែលបានកើនឡើង៤.១% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ប្រាក់ចំណូលខាងទេសចរណ៍ក្នុងស្រុកមានចំនួន៧៥៣.៤៣ប៊ីលានយន់ប្រាក់ចិន ដែលបានកើនឡើង១.៥%បើប្រៀបធៀបនឹងឆ្នាំ២០១៩ ប្រាក់ចំណូលលក់សំបុត្រភាពយន្តចិនបានលើសពី២.៧៣ប៊ីលានយន់ប្រាក់ចិន ផ្លូវដែកទូទាំងប្រទេសចិនបានដឹកជញ្ជូនអ្នកដំណើរ ចំនួនជាង១៦០លាននាក់។ល។ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃបុណ្យសែនព្រះខែ និងបុណ្យជាតិចិនដែលទើបតែកន្លងផុតទៅ ទីផ្សារប្រើប្រាស់របស់ប្រទេសចិន បានលេចចេញភាពថ្កុំថ្កើងនិងភាពអ៊ូអរយ៉ាងខ្លាំង។

បុណ្យជាតិឆ្នាំនេះ គឺជាវិស្សមកាលបុណ្យជាតិលើកដំបូង បន្ទាប់ពីការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ របស់ប្រទេសចិនមានស្ថេរភាព។ ស្ថាប័នទាំងក្នុងនិងក្រៅប្រទេសបានព្យាករណ៍ជាទូទៅថា ស្របពេលដែលការស្តារឡើងវិញនៃសេដ្ឋកិច្ច របស់ប្រទេសចិនបង្កើនល្បឿន ទីផ្សារប្រើប្រាស់ក្នុងស្រុកនឹងមានប្រជាប្រិយភាពខ្លាំងដែលខានជួបយូរហើយ។ ក្នុងរយៈពេល៨ថ្ងៃកន្លងមកនេះ ពីស្ថានីយរថភ្លើងដែលមានភាពមមាញឹកនិងមានមនុស្សយ៉ាងច្រើន ដល់តំបន់ទេសភាពល្បីៗ ដែលមានមនុស្សកកកុញ រហូតដល់ទីផ្សារសម្តែងល្ខោនដែលពិបាកទទួលបានសំបុត្រ សុទ្ធតែបានបញ្ជាក់ពីការព្យាការណ៍បែបនេះ។

អ្នកវិភាគបានលើកឡើងថា មូលហេតុដែលទីផ្សារប្រើប្រាស់របស់ប្រទេសចិន បានបញ្ចេញនូវភាពរស់រវឹកយ៉ាងខ្លាំងក្នុង អំឡុងពេលថ្ងៃឈប់សម្រាកនេះ មួយផ្នែកគឺដោយមកពីតម្រូវការចេញទៅធ្វើដំណើរ និងទិញឥវ៉ាន់របស់ប្រជាជនដែលត្រូវបានទប់ស្កាត់ ដោយការរីករាលដាលនៃជំងឺកូវីដ១៩បានបញ្ចេញទាំងស្រុង ហើយមួយផ្នែកទៀត គឺដោយមកពីរដ្ឋបាលគ្រប់ថ្នាក់របស់ប្រទេសចិន បានដាក់ចេញគោលនយោបាយនិងវិធានការមួយចំនួន ដើម្បីស្ដារឡើងវិញនិងពង្រីកការប្រើប្រាស់យ៉ាងសកម្ម ហើយជំរុញតម្រូវការប្រើប្រាស់ក្នុងសង្គម។

ភាពរុងរឿងថ្កុំថ្កើងដែលបានបង្ហាញក្នុងអំឡុងពេល "សុវណ្ណសប្តាហ៍" នៃបុណ្យជាតិឆ្នាំនេះ គឺជាសញ្ញាដ៏សំខាន់នៃការរក្សាស្ថិរភាព និងងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសចិន។ពេលបច្ចុប្បន្ននេះ ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយ ហើយបរិយាកាសខាងក្រៅមានភាពកាន់តែស្មុគស្មាញនិងតឹងរ៉ឹង រីឯសេដ្ឋកិច្ចចិនវិញ បែរជាបានបង្ហាញពីភាពធន់និងភាពរស់រវើក ក្នុងការស្តារឡើងវិញជាបន្តបន្ទាប់។ ជាពិសេស គឺចាប់តាំងពីខែសីហាឆ្នាំនេះមក ក្រោមការជំរុញនៃគោលនយោបាយ និងវិធានការមួយចំនួន ស្តីពីការពង្រីកតម្រូវការក្នុងស្រុក បង្កើនជំនឿចិត្ត និងទប់ស្កាត់ហានិភ័យ ការបង្កបង្កើនផលនៃឧស្សាហកម្មនិងសេវាកម្ម របស់ប្រទេសចិនបានបង្កើនល្បឿនតម្រូវការក្នុងស្រុកត្រូវបានបន្តពង្រីកថែមទៀត ហើយសេដ្ឋកិច្ចជាតិបានងាកទៅរកសភាពល្អប្រសើរឡើងវិញជាបណ្តើរៗ។

វេបសាយ《Wall Street Journal》អាមេរិកបានផ្សាយដំណឹងនាពេលថ្មីៗនេះថា ក្រោមបរិការណ៍ដែលការដំឡើងអត្រាការប្រាក់ នៅអឺរ៉ុបនិងអាមេរិកបានធ្វើឱ្យ អ្នកប្រើប្រាស់និងសហគ្រាសធ្លាក់ក្នុងភាពក្រីក្រ សេដ្ឋកិច្ចរបស់ប្រទេសចិនបានបង្ហាញពីនិន្នាការរស់រវើក ដែលបាននាំមកនូវក្តីសង្ឃឹមដល់សេដ្ឋកិច្ចពិភពលោក។ អ្នកនាំពាក្យនៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានថ្លែងនៅពេលថ្មីៗនេះថា អង្គការនេះបានឃើញនូវនិន្នាការស្ថិរភាព នៃសេដ្ឋកិច្ចរបស់ប្រទេសចិនតាយរយៈទិន្នន័យថ្មីបំផុត។ ប្រការទាំងនេះ សុទ្ធតែបង្ហាញថាជំនឿចិត្ត របស់សហគមន៍អន្តរជាតិចំពោះការស្តារឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងកើនឡើងជាបន្តបន្ទាប់។

តាមពិតទៅ បរិយាកាសអន្តរជាតិដែលសេដ្ឋកិច្ចរបស់ប្រទេសចិន កំពុងប្រឈមមុខនៅតែមានភាពស្មុគស្មាញនិងតឹងរ៉ឹង ហើយមូលដ្ឋានគ្រឹះសម្រាប់ការស្តារឡើងវិញជាបន្តបន្ទាប់ ក៏នៅតែត្រូវពង្រឹងថែមមួយកម្រិតទៀតដែរ។ ប៉ុន្តែម្យ៉ាងទៀត ទិដ្ឋភាពវិជ្ជមានលក់ដាច់ណាស់នៃទីផ្សារប្រើប្រាស់ ក្នុងអំឡុងពេលវិស្សមកាលបុណ្យជាតិចិន បានបង្ហាញយ៉ាងច្បាស់ថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានភាពធន់យ៉ាងខ្លាំង មានសក្ដានុពលយ៉ាងធំធេងនិងពោរពេញទៅដោយភាពរស់រវើក ហើយនិន្នាការទូទៅនៃសេដ្ឋកិច្ចចិន ដែលមានភាពល្អប្រសើរនិងមានស្ថិរភាព ក្នុងរយៈពេលយូរមិនកែប្រែទេ។ ក្នុងបរិយាកាសជាទូទៅដែលកម្លាំងចលករ នៃកំណើនសេដ្ឋកិច្ចពិភពលោកមិនគ្រប់គ្រាន់ សេដ្ឋកិច្ចរបស់ប្រទេសចិននឹង បន្តជំរុញការស្តារឡើងវិញ នៃសេដ្ឋកិច្ចសកលដោយភាពធន់យ៉ាងខ្លាំង៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន