(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ប្រទេសចិនបាននិយាយថា ខ្លួនប្រឆាំងហើយថ្កោលទោស សកម្មភាពហិង្សាទាំងឡាយណា ដែលប្រឆាំងទៅលើ​ប្រជាជនស៉ីវិលស្លូតត្រង់ ទាំងនៅក្នុងប្រទេសអ៉ីស្រាអែល និងនៅដែនដីប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ាវ នីង (Mao Ning) បាននិយាយដូច្នេះថា «ចិនព្រួយបារម្ភជាខ្លាំងអំពីការកើនឡើងកម្តៅនាពេលថ្មីៗ នៃបញ្ហាជម្លោះរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។ ទីក្រុងប៉េកាំងពិតជាសោកសៅខ្លាំងណាស់ ជុំវិញការបាត់បង់ជីវិតជនស្លូតត្រង់ ដែលបណ្តាលមកពីអំពើហិង្សា ហើយប្រឆាំងក៏ដូចជាថ្កោលទោស សកម្មភាពនានាដែលបង្កគ្រោះថ្នាក់ដល់ជនស៉ីវិល»

លោកស្រីអ្នកនាំពាក្យបានបន្តថា ចិនជំទាស់រាល់សកម្មភាព ដែលធ្វើឱ្យជម្លោះរីកកាន់ធំនិងបំផ្លាញស្ថិរភាពក្នុងតំបន់ ហើយសង្ឃឹមចង់ឱ្យមាន​បទឈប់បាញ់ និងទីបញ្ចប់នៃការប្រយុទ្ធគ្នា ឱ្យបានឆាប់តាមតែអាចទៅរួច។ លោកស្រី ម៉ាវ ក៏បានអំពាវនាវផងដែរ ដល់សហគមន៍អន្តរជាតិឱ្យដើរតួនាទីរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ហើយរួមគ្នាលើកកម្ពស់កិច្ចប្រឹងប្រែងបន្ធូរបន្ថយស្ថានការណ៍។

បើតាមលោកស្រី ម៉ាវ ផ្លូវដើម្បីដោះស្រាយវដ្តនៃជម្លោះអ៉ីស្រាអែល-ប៉ាឡេស្ទីន គឺស្ថិតនៅលើការបន្តកិច្ចចរចាស្វែងរកសន្តិភាពឡើងវិញ ខណៈដំណោះស្រាយ រួមមានដូចជា ការអនុវត្ត «ដំណោះស្រាយរដ្ឋពីរ» និងលើកកម្ពស់ការដោះស្រាយដោយគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងឆាប់រហ័ស សម្រាប់បញ្ហាប៉ាឡេស្ទីន តាមរយៈមធ្យោបាយការទូត ដើម្បីឱ្យក្តីកខ្វល់សមហេតុសមផលនានា របស់ភាគីទាំងអស់អាចត្រូវ​ធានាបាន។

គួរបញ្ជាក់ថា សង្រ្គាមរវាងអ៉ីស្រាអែលនិងតំបន់ Gaza បានផ្ទុះឡើងកាលពីចុងសប្តាហ៍មុន នៅពេលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានបើកការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានយ៉ាងភ្ញាក់ផ្អើល ទៅលើប្រទេសអ៉ីស្រាអែល ហើយយោធាអ៉ីស្រាអែល បានបើកប្រតិបត្តិការ វាយប្រហារតាមផ្លូវអាកាសឥតឈប់ឈរ លើតំបន់ Gaza វិញ ដើម្បីជាការសងសឹក។ គិតមកទល់ពេលនេះ មនុស្សប្រហែល១,២០០នាក់បានស្លាប់ និងរាប់ពាន់នាក់បានរងរបួស៕

រូបភាពពី Reuters