(បាងកក)៖ នៅថ្ងៃចន្ទនេះ រដ្ឋាភិបាលថៃបានឱ្យដឹងថា ពលរដ្ឋថៃសរុបចំនួន១២នាក់ បានបាត់បង់ជីវិត នៅក្នុងជម្លោះរវាងអ៉ីស្រាអែលនិង​ក្រុមប៉ាឡេស្ទីន ហាម៉ាស់ (Hamas) ហើយទីក្រុងបាងកកក៏បានរៀបចំផែនការ ដើម្បីជម្លៀសជនជាតិខ្លួនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេសថៃ បានប្រាប់ថា ស្ថានទូតរបស់ប្រទេសថៃនៅអ៉ីស្រាអែល ទទួលបានដំណឹងមរណភាពពីនយោជករបស់ជនរងគ្រោះទាំងនោះ។ ទន្ទឹមគ្នានេះ មានពលរដ្ឋថៃ៨នាក់បន្ថែមទៀតបានរងរបួស និង១១នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង នៅពេលក្រុម Hamas បើកការវាយប្រហារទ្រង់ទ្រាយធំ លើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ។

យោងតាមក្រសួងការងារថៃ គឺមានពលករថៃសរុបប្រហែល៣០,០០០នាក់ កំពុងស្ថិតនៅអ៉ីស្រាអែល ភាគច្រើនធ្វើការក្នុងវិស័យកសិកម្ម។ រដ្ឋមន្រ្តីក្រសួងការងារថៃបានប្រាប់ថា កងទ័ពអ៉ីស្រាអែលបានចាប់ផ្តើមជម្លៀស ពលករចំណាកស្រុកចេញពីតំបន់គ្រោះថ្នាក់ហើយ ខណៈថៃ​មានពលករសរុបខ្ទង់៥,០០០នាក់ ធ្វើការនៅក្នុងតំបន់ដែលមានការប្រយុទ្ធគ្នា ក្នុងប្រទេសអ៉ីស្រាអែល។ ពលករថៃចំនួន១,០៩៩នាក់ បានចុះឈ្មោះដើម្បីសុំ​ត្រឡប់មកប្រទេសថៃវិញ។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសថៃ នាពេលនេះ យន្តហោះរបស់កងទ័ពអាកាសថៃ ត្រូវបានដាក់ឱ្យត្រៀមលក្ខណៈ ដើម្បីហោះទៅយកពលរដ្ឋខ្លួន​ត្រឡប់មកកាន់មាតុប្រទេសវិញ ប៉ុន្តែកាលបរិច្ឆេទនិងចំណុចលម្អិតផ្សេងទៀត នៃប្រតិបត្តិការជម្លៀសពលរដ្ឋថៃ គឺមិនទាន់ត្រូវបានកំណត់​ឱ្យច្បាស់ចុងក្រោយនៅឡើយ។ សង្រ្គាមរវាងអ៉ីស្រាអែលនិងតំបន់ Gaza ដែលបានផ្ទុះឡើងកាលពីចុងសប្តាហ៍មុន គិតមកទល់ពេលនេះ បានផ្តាច់ជីវិតមនុស្សប្រហែល១,២០០នាក់ និងបង្កឱ្យរបួសរាប់ពាន់នាក់ សម្រាប់ភាគីទាំងសងខាង៕

រូបភាពពី AFP