(ហាណូយ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ មេធាវីម្នាក់បានបញ្ជាក់ថា អាជ្ញាធរនៅប្រទេសវៀតណាម ទើបតែបានប្រហារជីវិតបុរសម្នាក់ ឈ្មោះ ឡេ វ៉ាន់ម៉ាញ់ (Le Van Manh) ដែលត្រូវបានផ្តន្ទាទោសជាយូរមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣។

កាលពីឆ្នាំ២០០៥ លោក Manh ត្រូវបានចោទប្រកាន់ពីបទធ្វើសកម្មភាពប្លន់ ព្រមទាំងពីបទរំលោភសេពសន្ថវៈ និងឃាតកម្មលើកុមារីវ័យ ១៣ឆ្នាំម្នាក់ នៅខេត្តថាញ់ហូរ (Thanh Hoa) ភាគខាងជើងប្រទេសវៀតណាម។ គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) បានអះអាងថា ប៉ូលិសវៀតណាមទទួលបានចម្លើយសារភាពតាមរយៈការធ្វើទារុណកម្ម ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋាន ដើម្បីផ្តន្ទាទោសលើរូបលោក។ ក្រោយមក លោក Manh ក៏បានដកចម្លើយសារភាពនោះវិញ ក្រោមហេតុផលថា ប៉ូលិសបានប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរមកលើលោក។

ទោះជាបែបនេះក្តី តុលាការកំពូលវៀតណាម បានសម្រេចផ្តន្ទាទោសប្រហារជីវិត លើរូបលោកក្នុងសវនាការឧទ្ធរណ៍កាលពីឆ្នាំ២០០៨។ មេធាវីម្នាក់ ដែលបានជួយគ្រួសារលោក Manh ដាក់ញត្តិទៅកាន់ប្រធានាធិបតីវៀតណាម ដើម្បីព្យាយាមស្នើសុំផ្អាកការប្រហារជីវិត បានបង្ហោះលិខិតបញ្ជាក់ពីការស្លាប់របស់លោក Manh កាលពីថ្ងៃសៅរ៍។ បើតាមលិខិតនោះ លោក Le Van Manh ដែលកើតនៅ​ឆ្នាំ១៩៨២ បានស្លាប់កាលពីវេលាម៉ោង៨៖៤៥នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅកន្លែងប្រហារជីវិតនៃស្ថានីយប៉ូលិសខេត្តហូប៊ិញ (Hoa Binh)។

គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ បេសកកម្មការទូតរបស់លោកខាងលិច​ រួមមានសហភាពអឺរ៉ុប កាណាដា ន័រវែស និងចក្រភពអង់គ្លេស ជាដើម នៅឯប្រទេសវៀតណាម បានទទូចឱ្យអាជ្ញាធរវៀតណាម ផ្តល់ការសណ្តោសប្រណីចំពោះលោក Manh៕

រូបភាពពី AFP