(សេអ៊ូល)៖ ប្រធានាធិបតីចិនលោក ស៉ី ជិនពីង បាននិយាយថា លោកនឹងពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រសន្តិភាព និងសន្តិសុខនៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

លោក ស៉ី ដែលមិនបានធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងចាប់តាំងពីឆ្នាំ២០១៤មក បានជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ហាន ដុកស៊ូ (Han Duck soo) ក្នុងទីក្រុងហាងចូវ (Hangzhou) ភាគខាងកើតប្រទេសចិន នៅមុនពិធីបើកកីឡាអាស៉ី នៅថ្ងៃសៅរ៍នេះ។

ទូរទស្សន៍ចិន CCTV ក៏បានរាយការណ៍ផងដែរថា លោក ស៉ី បានប្រាប់លោក ហាន ថាចិនមានឆន្ទៈក្នុងការធ្វើការដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោក ស៉ី ថានឹងស្វាគមន៍កិច្ចប្រជុំកំពូលបែបនេះនៅពេលដ៏សមស្របមួយ ហើយនឹងពិចារណាយ៉ាងម៉ត់ចត់ចំពោះដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ថា ការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការនេះបានកើតឡើងមុនកិច្ចចរចាត្រីភាគីដែលបានគ្រោងទុកក្នុងទីក្រុងសេអ៊ូលនៅថ្ងៃទី២៦ ខែកញ្ញា ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់មកពីចិន ជប៉ុន និងកូរ៉េខាងត្បូង ហើយមានបំណងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលលើកដំបូងរវាងប្រទេសទាំង ៣ ក្នុងរយៈពេល ៤ឆ្នាំ៕

">

រូបភាពពី Yonhap