(វ៉ាសូវី)៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាធើស ម៉ូរ៉ាវ៉ិកគី (Mateusz Morawiecki) បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កុំឱ្យ ប្រមាថប្រជាជនប៉ូឡូញម្ដងទៀត ដែលនេះជាការដំឡើងវោហាសាស្ត្ររិះគន់ទីក្រុងកៀវជាថ្មី បន្ទាប់ពីប្រធានាធិបតីប៉ូឡូញ បានព្យាយាមបន្ធូរបន្ថយកម្ដៅនៃជម្លោះ រវាងប្រទេសទាំង ២ ជុំវិញបម្រាមលើការនាំចូលធញ្ញជាតិអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី បានធ្វើឱ្យប៉ូឡូញដែលជាអ្នកគាំទ្រដ៏សំខាន់សម្រាប់ទីក្រុងកៀវ ខឹងសម្បារ នៅពេលដែលលោកប្រាប់មហាសន្និបាត UN ក្នុងសបា្ដហ៍នេះថា ទីក្រុងកៀវកំពុងព្យាយាមរក្សាផ្លូវគោកសម្រាប់ការនាំចេញធញ្ញជាតិរបស់ខ្លួន នៅចំពោះមុខការបិទខ្ទប់សមុទ្រខ្មៅពីសំណាក់រុស្ស៉ី។ ប៉ុន្តែ ល្ខោននយោបាយ ពាក់ព័ន្ធនឹងការនាំចូលធញ្ញជាតិ បែរជាកំពុងជួយដល់បុព្វហេតុរុស្ស៉ីទៅវិញ។ ទោះបីមិនបាននិយាយចំឈ្មោះ តែការលើកឡើងបែបនេះរបស់លោក ហ្សេលេនស្គី កើតមានឡើង បន្ទាប់ពីប៉ូឡូញ បានសម្រេចបន្តហាមឃាត់ជាលក្ខណៈឯកតោភាគីលើការនាំចូលធញ្ញជាតិពីអ៊ុយក្រែន បើទោះជាសហភាពអឺរ៉ុបបានដកបម្រាម នេះចេញក៏ដោយ។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋប៉ូឡូញ PAP លោកនាយករដ្ឋមន្ត្រី Mateusz Morawiecki បាននិយាយនៅឯពិធីជួបជុំអ្នកគាំទ្រកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ដូច្នេះថា «ខ្ញុំ...ចង់ប្រាប់លោកប្រធានាធិបតី ហ្សេលេនស្គី កុំប្រមាថប្រជាជនប៉ូឡូងម្ដងទៀត ដូចដែលលោកធ្លាប់បានធ្វើអំឡុងសុន្ទរកថារបស់លោកនៅ UN»។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា (Andrzej Duda) បាននិយាយថាជម្លោះរវាងប៉ូឡូញ និងអ៊ុយក្រែន ជុំវិញការនាំចូល ធញ្ញជាតិ នឹងមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងទ្វេភាគីដ៏ល្អនោះទេ។ អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ ក៏បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកយ៉ាង ដូច្នេះដែរថា «ប៉ូឡូញនឹងបន្ត​ការផ្គត់ផ្គង់ឱ្យអ៊ុយក្រែន ប៉ុន្តែសម្រាប់តែគ្រាប់រំសេវនិងសព្វាវុធ ដែលត្រូវបានព្រមព្រៀងគ្នាកន្លងមករួចហើយប៉ុណ្ណោះ»។ ការលើកឡើងបែបនេះធ្វើឡើង បន្ទាប់ពីលោក Morawiecki ប្រកាសថាប៉ូឡូញនឹងឈប់ផ្ដល់អាវុធឱ្យអ៊ុយក្រែន៕

រូបភាពពី AP