(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក​ ចូ បៃដិន បានប្រាប់សមភាគីអ៊ុយក្រែនរបស់លោក គឺលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថាទីក្រុងវ៉ាស៊ីនតោន នឹងផ្ដល់ឱ្យទីក្រុងកៀវ នូវមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដែលលោក ហ្សេលេនស្គី បានទទូចសុំជាយូរមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន NBC។

អ៊ុយក្រែន បានទទូចសុំម្ដងហើយម្ដងទៀតឱ្យរដ្ឋបាលលោក ចូ បៃដិន ផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដើម្បីសម្រួលការវាយប្រហារលើ បណ្ដាញផ្គត់ផ្គង់ មូលដ្ឋានទ័ពអាកាស និងបណ្ដាញផ្លូវដែក ដែលស្ថិតនៅយ៉ាងជ្រៅក្នុងតំបន់អ៊ុយក្រែនគ្រប់គ្រងដោយរុស្ស៉ី។ ប៉ុន្តែ ខាងសេតវិមាន មិនបានប្រកាសពីការសម្រេចចិត្តផ្ដល់ប្រព័ន្ធ និងមីស៊ីលចម្ងាយឆ្ងាយ ATACMS ជាសាធារណៈនោះទេ នៅពេលលោក ហ្សេលេនស្គីបំពេញទស្សនកិច្ច នៅវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បើទោះជាសហរដ្ឋអាមេរិកបានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៣២៥លានដុល្លារក៏ដោយ។

សារព័ត៌មាន NBC ផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថាកាលបរិច្ឆេទនៃការប្រគល់ ប្រព័ន្ធមីស៊ីល ATACMS មិនត្រូវបានបង្ហើបឱ្យដឹងនោះទេ។ យ៉ាងណាក៏ដោយ សេតវិមានបានបដិសេធធ្វើអត្ថាធិប្បាយចំពោះសេចក្ដីរាយការណ៍របស់ NBC កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញានេះឡើយ ខណៈលោក ហ្សេលេនស្គីក៏មិនបានឆ្លើយចំៗនោះដែរ នៅពេលត្រូវបានសាកសួរពីសេចក្ដីរាយការណ៍ របស់ NBC។ រីឯ មន្ទីរបញ្ចកោណ ក៏មិនបានទទួលស្គាល់ថាតើមានការសន្យាផ្ដល់មីស៊ីលប្រភេទនេះជាមួយលោក ហ្សេលេនស្គី​ អំឡុងជំនួបជាមួយលោក បៃដិន ដែរឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា «ពាក់ព័ន្ធនឹងការប្រគល់ ATACMS យើងមិនមានអ្វីត្រូវប្រកាសឡើយ»
គួរបញ្ជាក់ថា ក្រសួងការបរទេសរុស្ស៉ី កាលពីដើមខែកញ្ញាកន្លងទៅនេះ ធ្លាប់បានព្រមានថាការផ្គត់ផ្គង់មីស៊ីលចម្ងាយឆ្ងាយសម្រាប់អ៊ុយក្រែន នឹងក្លាយជា ការឆ្លង «បន្ទាត់ក្រហម» ហើយសហរដ្ឋអាមេរិកនឹងត្រូវបានចាត់ទុកថាជាភាគីទី៣ នៃជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើអាវុធប្រភេទនេះ ត្រូវបានផ្ដល់ឱ្យអ៊ុយក្រែនមែននោះ៕

រូបភាពពី AFP