(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថាលោកនឹងធ្វើដំណើរទៅកាន់រដ្ឋ Michigan នៅសប្ដាហ៍ក្រោយ ដើម្បីបង្ហាញការគាំទ្រដល់កម្មករផលិតរថយន្ដដែលកំពុងធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣។

នៅលើសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃអង្គារ (សប្ដាហ៍ក្រោយ) ខ្ញុំនឹងធ្វើដំណើរ ទៅកាន់រដ្ឋ Michigan ដើម្បីចូលរួមក្នុងការតវ៉ា និងបង្ហាញសាមគ្គីភាពជាមួយកម្មករជាបុរស និងស្ត្រី នៃសហជីព United Auto Workers ខណៈ ពួកគេកំពុងតស៊ូទាមទារនូវគុណតម្លៃដែលពួកគេបានចូលរួមបង្កើត»។ លោក បៃដិន បន្ថែមថានេះគឺជាពេលសម្រាប់កិច្ចព្រមព្រៀងឈ្នះឈ្នះដែល រក្សាភាពរីកចម្រើននៃឧស្សាហកម្មផលិតរថយន្ដអាមេរិក និងប្រាក់ខែសមរម្យសម្រាប់កម្មករនៃសហជីព United Auto Workers។

គួរបញ្ជាក់ថា សហជីព United Auto Workers កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានអញ្ជើញលោក ចូ បៃដិន ធ្វើដំណើរទៅកាន់រដ្ឋ Michigan ហើយ ក្នុងពេលជាមួយគ្នា លោក ដូណាល់ ត្រាំ ដែលត្រូវបានគេរំពឹងថានឹងត្រូវជួបលោក បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ ក៏ត្រូវបានគេរាយការណ៍ដែរថានឹងចុះសួរសុខទុកកម្មករឧស្សាកម្មផលិតរថយន្ដដែលកំពុងធ្វើកូដកម្ម។

កម្មករក្នុងឧស្សាហកម្មផលិតរថយន្ដអាមេរិក បានទាមទារដំឡើងប្រាក់ខែ ៣០ភាគរយ នៅក្នុងរយៈពេល៣ឆ្នាំខាងមុខ និងបន្ថែមអត្ថប្រយោជន៍ ផ្សេងៗទៀត។ ក៏ប៉ុន្តែ ខាងក្រុមហ៊ុនផលិតរថយន្ដអាមេរិកដូចជា Ford បានសន្យាថានឹងដំឡើងប្រាក់ខែឱ្យកម្មករ តែមិនដំឡើងតាមការទាមទារ នេះឡើយ។ ចំណែក ក្រុមហ៊ុនផ្សេងទៀតថានឹងបន្តការចរចាគ្នាទៀត៕

រូបភាពពី AFP