(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថាសកម្មភាពយោធារបស់ចិនកាលពីពេលថ្មីៗនេះ​គឺមានលក្ខណៈខុសប្លែងពីធម្មតា បន្ទាប់ពី រាយការណ៍ពីការកើនឡើងវត្តមានយន្ដហោះចម្បាំង និងនាវាចម្បាំងចិន នៅក្បែរដែនកោះរបស់ខ្លួននៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ចិនបានអះអាងថាតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន ហើយបានគំរាមជារឿយៗថានឹងប្រើកម្លាំងយោធានៅថ្ងៃណាមួយ ប្រសិនបើចាំបាច់។ ប៉េកាំង បាន និងកំពុងបង្កើនការធ្វើសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ ដោយកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះក្រសួងការពារជាតិតៃវ៉ាន់បានឱ្យដឹងថា យន្ដហោះចម្បាំងចិនដល់ទៅ ១០៣គ្រឿង ធ្វើសកម្មភាពក្បែរដែនកោះរបស់ខ្លួន ក្នុងរយៈពេលត្រឹម២៤ម៉ោង។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសភា កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក ជីវ គួចឹង (Chiu Kuo-cheng) បានគូសបញ្ជាក់ដូច្នេះថា «សកម្មភាពថ្មីៗនេះនៃសត្រូវរបស់យើងគឺមានលក្ខណៈខុសប្លែកពីធម្មតា...ការវាយតម្លៃបឋមរបស់យើង ធ្វើឡើងដោយផ្អែកលើការធ្វើសមយុទ្ធយោធាទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសរបស់ពួកគេ (ចិន) ក្នុងខែកញ្ញានេះ»

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃសុក្រនោះដែរ ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានរាយការណ៍ផងដែរពីវត្តមានយន្ដហោះចម្បាំងចិន ៣២គ្រឿង ដោយ ក្នុងនោះមាន ១៧គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់៕

រូបភាពពី AFP