(តេហេរ៉ង់)៖ នៅថ្ងៃសុក្រនេះ អ៉ីរ៉ង់បានធ្វើព្យុហយាត្រាសម្ភារយោធារបស់ខ្លួន ក្នុងឱកាសគម្រប់ខួបនៃសង្រ្គាមកាលពីទសវត្សរ៍ឆ្នាំ១៩៨០ ជាមួយប្រទេសអ៉ីរ៉ាក់ ដោយក្នុងនោះរួមមានទាំងយន្តហោះដ្រូន ដែលទីក្រុងតេហេរ៉ង់អះអាងថា អាចហោះបានឆ្ងាយបំផុតលើពិភពលោកផងដែរ ព្រមជាមួយមីស៉ីលបាលិស្ទីគ និងមីស៉ីលល្បឿនលឿនជាងសំឡេង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។

កាលពីខែសីហាកន្លងទៅ អ៉ីរ៉ង់បានប្រកាសថា ខ្លួនផលិតបានយន្តហោះដ្រូនប្រភេទទំនើបមួយ ឈ្មោះថា Mohajer-10 ដែលអាចហោះ​បានចម្ងាយឆ្ងាយ និងរយៈពេលយូរជាងមុន ហើយមានសមត្ថភាពផ្ទុកអាវុធបានធ្ងន់ជាងមុនផងដែរ។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ យន្តហោះដ្រូននេះ អាចធ្វើប្រតិបត្តិការបាន ចម្ងាយរហូតដល់២,០០០គីឡូម៉ែត្រ ហើយហោះបានរយៈពេលដល់២៤ម៉ោង។ រីឯសមត្ថភាព​ផ្ទុកអាវុធរបស់វាវិញ គឺបានដល់៣០០គីឡូក្រាម ដែលស្មើទ្វេដងនៃសមត្ថភាពផ្ទុកអាវុធរបស់ដ្រូន Mohajer ស៊េរីមុន គឺ Mohajer-6។ ក្រៅពីដ្រូនត្រកូល Mohajer ក៏មានដ្រូនត្រកូលផ្សេងទៀត ដែលត្រូវបានបង្ហាញក្នុងព្យុហយាត្រាខាងលើផងដែរ រួមមាន Shahed និង Arash។

ក្រុមមន្រ្តីអាមេរិកបានចោទអ៉ីរ៉ង់ អំពីការផ្តល់យន្តហោះដ្រូន Mohajer-6 និងដ្រូនអត្តឃាត​ Shahed ក្នុងចំណោមដ្រូនប្រភេទផ្សេងៗទៀត ឱ្យទៅប្រទេសរុស្ស៉ី សម្រាប់ប្រើក្នុងសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ប៉ុន្តែទីក្រុងតេហេរ៉ង់បានបដិសេធរឿងនេះ។ ថ្លែងនៅទីក្រុងតេហេរ៉ង់​នាថ្ងៃសុក្រនេះ អំលុងព្យុហយាត្រាយោធា ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) បាននិយាយយ៉ាងដូច្នេះថា «កងកម្លាំងយើងនឹងធានាសន្តិសុខនៅក្នុងតំបន់ ក៏ដូចជានៅឈូងសមុទ្រពែរ្ស។ យើងអាចបង្រៀនប្រជាជន ក្នុងតំបន់ថា ការតស៊ូជម្នះគឺជាមធ្យោបាយនាពេលបច្ចុប្បន្ន។ អ្វីដែលបង្ខំឱ្យសត្រូវយើងដកថយ គឺមិនមែនការចុះញ៉មនិងរាថយនោះទេ ប៉ុន្តែការតស៊ូជម្នះ»

គួរបញ្ជាក់ថា សង្រ្គាមអ៉ីរ៉ង់-អ៉ីរ៉ាក់បានផ្ទុះឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៨០ នៅពេលដែលកងកម្លាំងរបស់អតីតប្រធានាធិបតីអ៉ីរ៉ាក់ លោក សាដាម ហ៊ូសេន (Saddam Hussein) បានចូលឈ្លានពានអ៉ីរ៉ង់។ ជម្លោះនោះដែលបានបំផ្លិចបំផ្លាញសេដ្ឋកិច្ចជាខ្លាំង និង​បានសម្លាប់ជីវិតមនុស្សយ៉ាងហោចកន្លះលាននាក់ បានបញ្ចប់ទៅក្រោយភាគីម្ខាងៗ លែងអាចយកឈ្នះគ្នាបានតទៅទៀត កាលពីខែសីហា ឆ្នាំ១៩៨៨៕

រូបភាពពី Anadolu Agency

រូបភាពពី AFP