(ខាទុំ)៖ មេទ័ពស៊ូដង់ លោក អាប់ដែល ហ្វាតតា អាល់ប៊ួរហាន់ (Abdel Fattah al-Burhan) បានព្រមានអង្គការសហប្រជាជាតិ (UN) ថាសង្រ្គាមជាច្រើនខែនៅស៊ូដង់អាចរាលដាលពេញតំបន់ ហើយអំពាវនាវឲ្យមានការដាក់សម្ពាធជាអន្តរជាតិលើ ភាគីខាងកងកម្លាំងទាហានប៉ារ៉ា (RSF) ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងនៅឯមហាសន្និបាទ UN ចំពោះមុខមេដឹកនាំផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក អាល់បួរហាន់ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ចាត់តាំងកងកម្លាំង RSF ជាក្រុមភេរវករ និងកំណត់គោលដៅលើអ្នកជួយដល់ពួកគេ ពីខាងក្រៅស៊ូដង់ ដែលទំនងជាចង់សំដៅទៅក្រុមទាហានស៉ីឈ្នួល Wagner របស់រុស្ស៉ី។

លោក បួរហាន់ បានគូសបញ្ជាក់ថា «គ្រោះថ្នាក់នៃសង្រ្គាម ឥឡូវនេះជាការគំរាមកំហែងដល់សន្តិភាព សន្តិសុខក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ខណៈដែលក្រុមកងកម្លាំង RSF ស្វែងរកការគាំទ្រពីក្រុមជនក្រៅច្បាប់ និងក្រុមភេរវករមកពីប្រទេសផ្សេងៗក្នុងតំបន់ និងពិភពលោក។ នេះគឺប្រៀបបីដូចជាភ្លើងនៃសង្គ្រាម ដែលនឹងរីករាលដាលដល់ប្រទេសផ្សេងទៀតក្នុងតំបន់»

គួរបញ្ជាក់ថា ជម្លោះដណ្តើមអំណាចនៅស៊ូដង់បានផ្ទុះឡើងតាំងពីថ្ងៃទី១៥ ខែមេសា ដោយភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមក។ សង្រ្គាមជាង ៥ខែមកនេះបានសម្លាប់មនុស្សចំនួន ៧,៥០០នាក់ ខណៈជាង ៥លាននាក់ជម្លៀសខ្លួន និងបង្កអស្ថិរភាពក្នុងតំបន់៕

រូបភាព AFP