(ម៉ានីល)៖ ភ្នំភ្លើងតូចមួយនៅជិតរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន បានបញ្ចេញផ្សែង និងអ័ព្ទលើសពីកម្រិតមធ្យមនៅថ្ងៃសុក្រនេះ ដែលជំរុញឲ្យអាជ្ញាធរបិទសាលារៀនក្នុងទីក្រុងចំនួន ៥ និងទីប្រជុំជនមួយចំនួនទៀត ហើយបានស្នើដល់ប្រជាជនឲ្យស្នាក់នៅក្នុងផ្ទះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។

វិទ្យាស្ថានតាមដានបន្ទុះភ្នំភ្លើង និងរញ្ជួយដីរបស់រដ្ឋ បានឲ្យដឹងថា មានការកើនឡើងនូវកម្អែភ្លើងចេញពីមាត់ភ្នំភ្លើងថាល (Taal) ដែលជាបឹងមួយ ជាហេតុនាំមានការបញ្ចេញជាឧស្ម័នឡើងមក។ ការប្រកាសអាសន្នកម្រិតទី១ ត្រូវបានដាក់ចេញដែលបង្ហាញពី ការកើនឡើងបន្តិចនៃសកម្មភាពញ័ររញ្ជួយដែលបណ្តាលមកពីភ្នំភ្លើង ហើយនិងសកម្មភាពផ្សែងអ័ព្ទ ឬឧស្ម័ន។

នៅថ្ងៃសុក្រនេះ អាជ្ញាធរបានផ្អាកថ្នាក់រៀនក្នុងទីក្រុងជាច្រើនដូចជា ខាវី (Cavite) ឡាហ្គូណា (Laguna) និងបាតាន់ហ្កាស់ ដែលស្ថិតនៅជាប់នឹងភ្នំភ្លើង រួមទាំងប្រជុំជនចំនួន ៥នៅក្នុងតំបន់ជាយក្រុងម៉ានីល។ អាជ្ញាធរអាកាសចរណ៍ ក៏បានណែនាំដល់ ពីឡុតចៀសវាងហោះហើរនៅជិតកំពូលភ្នំភ្លើង ដោយសារតែចំហាយផេះ និងបំណែកនៃការផ្ទុះភ្លាមៗអាចបង្កគ្រោះថ្នាក់ដល់យន្តហោះ។

គួរបញ្ជាក់ថា ភ្នំភ្លើងនេះផ្ទាល់ស្ថិតនៅក្នុងបឹងដ៏ស្រស់ស្អាតមួយនៃខេត្តបាតាន់ហ្កាស់ (Batangas) ក្បែរទីក្រុងម៉ានីល មានកម្ពស់ ៣១១មែត្រ និងជាភ្នំភ្លើងសកម្មបំផុតក្នុងចំណោមភ្នំភ្លើងចំនួន ២៤ផ្សេងទៀតនៅហ្វីលីពីន។ កាលពីឆ្នាំ២០២០ ភ្នំភ្លើងនេះបានព្រួសផេះ និងចំហាយទឹកកម្ពស់ដល់ទៅ ១៥គីឡូម៉ែត្រដោយបង្ខំមនុស្សជាង ១០ម៉ឺននាក់ត្រូវជម្លៀសចេញ ហើយលុបចោលជើងហោះហើររាប់សិបជើង៕

រូបភាពពី CNA