(វ៉ាស៉ីនតោន)៖ បេសកកម្មដំបូងបំផុតរបស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលបានទៅប្រមូលយកគំរូតាងរបស់អាចម៍ផ្កាយមួយ នឹងវិលត្រឡប់មកដល់ផែនដីវិញនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុមអ្នកវិទ្យាសាស្រ្តសង្ឃឹមថា គំរូតាងខាងលើនឹងអាចជួយឱ្យមនុស្សលោកយើង ស្វែងយល់បានកាន់តែច្បាស់ជាងមុន អំពីការកកើតឡើង​​នៃប្រព័ន្ធព្រះអាទិត្យ ព្រមទាំងរបៀបដែលផែនដីវិវឌ្ឍខ្លួនក្លាយជាភពដែលអាចទ្រង់ទ្រង់ជីវិតបាន។ យានស្រាវជ្រាវហៅថា OSIRIS-REx របស់អាមេរិក ដែលត្រូវបានបាញ់បញ្ជូនចេញពីផែនដី កាលពីឆ្នាំ២០១៦ បានប្រមូលយកគំរូតាងជាកម្ទេចដីនិងថ្ម ពីអាចម៍ផ្កាយមួយឈ្មោះ Bennu កាលពីជិត៣ឆ្នាំមុន។

គួរបញ្ជាក់ថា បើតាមការគ្រោងទុក ប្រអប់ខាប់ស៊ុល (cupsule) សម្រាប់ផ្ទុកគំរូតាង នឹងចុះមកដល់ផ្ទៃផែនដី នៅខ្ទង់វេលាម៉ោង៩ព្រឹកថ្ងៃអាទិត្យ (ពេលវេលាក្នុងតំបន់នៅអាមេរិក) នៅឯទីតាំងធ្វើតេស្តយោធាមួយកន្លែង នៃតំបន់វាលខ្សាច់ក្នុងរដ្ឋ Utah ភាគខាងលិចសហរដ្ឋអាមេរិក។ ប្រមាណ៤ម៉ោងមុនពេលនោះ នៅចម្ងាយប្រហែល ១០៨,០០០គីឡូម៉ែត្រពីផែនដី យាន OSIRIS-REx នឹងផ្តាច់ប្រអប់ខាប់ស៊ុលចេញពីខ្លួនវា។

យោងតាមទីភ្នាក់ងារ NASA ពេលវេលាសំខាន់បំផុត គឺអំលុងរយៈពេល១៣នាទីចុងក្រោយនៃការចុះចត ដោយខាប់ស៊ុលត្រូវធ្វើដំណើរចូលមកដល់ ស្រទាប់បរិយាកាសផែនដី ក្នុងល្បឿន៤៣,០០០គីឡូម៉ែត្រក្នុង១ម៉ោង ហើយរងកម្តៅអតិបរមារហូតដល់ជិត៣,០០០អង្សាសេ។ ប្រសិនបើ​អ្វីៗប្រព្រឹត្តទៅប្រសើរតាមផែនការ ខាប់ស៊ុលនោះនឹងបញ្ចេញ ឆ័ត្រយោង២បន្តបន្ទាប់គ្នា ដើម្បីនាំយកវាមកដល់លើផ្ទៃដីដោយសុវត្ថិភាព។ NASA ត្រូវគេរំពឹងថា នឹងបង្ហាញពីលទ្ធភាពវិភាគដំបូងនៃគំរូតាងអាចម៍ផ្កាយ អំលុងសន្និសីទសារព័ត៌មានមួយ នៅខែក្រោយ៕

រូបភាពពី NASA