(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន១១៦លានដុល្លារ សម្រាប់មីយ៉ាន់ម៉ា បង់ក្លាដែស និងតំបន់នៅជុំវិញនោះ ដើម្បីគាំទ្រដល់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន បាននិយាយថា ជាមួយការផ្តល់មូលនិធិ​មនុស្សធម៌ថ្មីខាងលើនេះ ជំនួយសរុបរបស់សហរដ្ឋអាមេរិក សម្រាប់ប្រជាជនដែលរងការប៉ះពាល់ ដោយសារវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា និង​ប្រទេសបង់ក្លាដែស ព្រមទាំងតំបន់ជុំវិញនោះ គឺមានចំនួនជាង២.២ពាន់លានដុល្លារហើយ គិតចាប់តាំងពីខែសីហា ឆ្នាំ២០១៧មក នៅពេល​ដែលជនជាតិភាគតិចមូស្លីមរ៉ូហ៉ីងយ៉ាប្រហែលជាង ៧៤០,០០០នាក់ បានភៀសខ្លួនទៅកាន់បង់ក្លាដែស ដើម្បីរត់គេចពីអំពើហិង្សាទ្រង់ទ្រាយធំ ដែលបានផ្ទុះប្រឆាំងលើពួកគេនៅមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា យោងតាមការិយាល័យទទួលបន្ទុកបញ្ហាជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ មានជនជាតិរ៉ូហ៉ីងយ៉ាសរុបលើស ១លាននាក់ ដែលបានរត់ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ហើយក្នុងចំណោមពួកគេទាំងនោះ ប្រហែលជាង ៩៦០,០០០នាក់ កំពុងជ្រកកោននៅឯប្រទេសបង់ក្លាដែស៕

រូបភាពពី AP

រូបភាពពី AFP