(យ៉េរ៉េវ៉ាន់)៖ លោកនាយករដ្ឋមន្រ្តីអាមេនី នីខូល ផាស៉ីនយ៉ាន (Nikol Pashinyan) បានប្រាប់ជនរួមជាតិរបស់លោកកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អាមេនី ត្រូវតែ «គ្មានជម្លោះ» ដើម្បីជាប្រយោជន៍នៃឯករាជ្យភាព បន្ទាប់ពីក្រុមបំបែកខ្លួនជនជាតិភាគតិចនៅក្នុងតំបន់ Nagorno-Karabakh ប្រកាសចុះចាញ់អាស៊ៃបៃហ្សង់ ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។

ថ្លែងសុន្ទរកថាប្រារព្ធទិវាឯករាជ្យជាតិរបស់អាមេនី តាមកញ្ចក់ទូរទស្សន៍ដោយមិនសំដៅចំជម្លោះនៅតំបន់ Nagorno-Karabakh លោក ផាស៉ីនយ៉ាន ​បានគូសបញ្ជាក់ថា «សព្វថ្ងៃនេះយើងកំពុងរស់នៅក្នុងគ្រាលំបាក ដោយទទួលរងនូវការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត»

ប៉ុន្តែ លោក ផាស៉ីនយ៉ាន បានបន្ថែមថា «អាមេនី ក៏បានទទួលផលប្រយោជន៍ពីលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងគោលនយោបាយប្រឆាំងអំពើពុករលួយ ហើយសន្តិភាព គឺជាកត្តាដែលធានាដល់ឯករាជ្យ និងអធិបតេយ្យភាពជាតិ។ ដូច្នេះអាមេនី ត្រូវតែបន្តរក្សាសន្តិភាពដើម្បីជាប្រយោជន៍សម្រាប់អនាគត»

គួរបញ្ជាក់ថា ក្រោយធ្លាក់ទៅក្នុងដៃអាស៊ែបៃហ្សង់ Karabakh ដែលជាតំបន់របស់ក្រុមផ្តាច់ខ្លួនជនជាតិអាមេនីគ្រប់គ្រងអស់រយៈពេល ៣ទសវត្សរ៍ ក៏មានការអំពាវនាវ នៅក្នុងប្រទេសអាមេនី ឲ្យលោក ផាស៉ីនយ៉ាន ចុះចេញពីតំណែង។ ចំណែក ប្រធានាធិបតីអាស៊ៃបៃហ្សង់ លោក Ilham Aliyev បានសន្យាលុបបំបាត់ ឧបសគ្គក្នុងការចរចាសន្តិភាពរវាងប្រទេសជិតខាងនៃតំបន់កូកាស (Caucasus) ទាំងពីរនេះ៕

រូបភាពពី AFP